ព័ត៌មានជាតិ

សេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី ឧកញ៉ា អាចនឹងមានចែងកំណត់​ ពីការផ្ដល់គោរមងារ និងកំណត់កាតព្វកិច្ចរបស់ឧកញ៉ា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា សេចក្ដីព្រាងព្រះរាជក្រឹត្យថ្មី ស្ដីពី ឧកញ៉ា អាចនឹងមានចែងកំណត់ អំពីការផ្ដល់គោរមងារ កំណត់អំពីកាតព្វកិច្ចរបស់ឧកញ៉ា និងលក្ខខណ្ឌ នៃការសម្រេចដកគោរមងារ។

ក្នុងពិធីពិសារអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំ សមាគមមូលនិធិ សម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ប្រារព្ធនៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី១០ កុម្ភ: សម្ដេច ស ខេង បានលើកឡើង អំពីការរៀបចំលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងឧកញ៉ា។

សម្ដេច កំពុងដឹកនាំរៀបចំសេចក្ដីព្រាង ព្រះរាជក្រឹត្យស្ដីពីឧកញ៉ា ដែលអាចនឹងបញ្ចប់ នៅឆ្នាំ២០២២នេះ។
សម្ដេច ថានៅក្នុងដំណើរការសិក្សា​ រៀបចំសេចក្ដីព្រាងនេះ ក៏នឹងមានការជជែកពិភាក្សា រវាងតំណាងរាជរដ្ឋាភិបាល ជាមួយនឹងសមាគមឧកញ៉ាផងដែរ។

សម្ដេច មានប្រសាសន៍ថា «នៅក្នុងការរៀបចំសេចក្ដីព្រាងព្រះរាជក្រឹត្យថ្មី អាចនឹងមានចែងកំណត់ អំពីការផ្ដល់គោរមងារ ការកំណត់អំពីកាតព្វកិច្ចរបស់ឧកញ៉ា និងលក្ខណ្ឌនៃការសម្រេចដកគោរមងារ ក្នុងន័យដើម្បីលើកតម្កើងតម្លៃ នៃគោរមងារជាឧកញ៉ា ហើយថាបន្ទាប់ពីរៀបចំ ព្រះរាជក្រឹត្យនេះហើយនោះ សមាគមឧកញ៉ាក៏ត្រៀមលក្ខណៈរៀបចំខ្លួន ឱ្យបានសមស្របទៅនឹងខ្លឹមសារ ព្រះរាជក្រឹត្យថ្មីផងដែរ»។

នាឱកាសនោះ សម្ដេច ស ខេង សង្ឃឹមថា សមាគមសហគ្រាសធនតូច និងមធ្យម នឹងបន្តបេសកកម្មរបស់ខ្លួន ក្នុងគោលបំណង ដើម្បីជួយដល់ការរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា និងជួយដល់ប្រជាពលរដ្ឋ ដែលមានគោលបំណងធ្វើការងារ ពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕

To Top