ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ដាស់តឿនពលរដ្ឋ ឲ្យការពារអូមីក្រុង នៅថ្ងៃទិវាបុណ្យក្តី ស្រលាញ់១៤ កុម្ភៈ (Video)

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យពង្រឹងវិធានការការពារ ការចម្លងជំងឺកូវីដ-១៩ ជាពិសេស វីរុសបំប្លែងថ្មីអូមីក្រុង អំឡុងថ្ងៃទិវាបុណ្យក្តីស្រលាញ់១៤ កុម្ភៈ ។

តាមរយៈសេចក្ដីជូនព័ត៌មាន នៅថ្ងៃទី១១ កុម្ភៈនេះ ក្រសួងសុខាភិបាល បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ នាថ្ងៃទី១៤ ខែកុម្ភៈ ពលរដ្ឋមួយចំនួន ជាពិសេសយុវជន យុវនារី ទោះបីជាមិនមែនជាប្រពៃណីរបស់ខ្មែរ តែនឹងអាចមានការជួបជុំគ្នា ដើរកំសាន្ត ឬបរិភោគអាហាររួមគ្នាជាដើម ដើម្បីចែករំលែកសេចក្តី ស្រលាញ់ដល់គ្នាទៅវិញទៅមក ចំពោះក្រុមគ្រួសារ មាតាបិតា លោកតាលោកយាយ ញាតិមិត្ត មិត្តភក្តិ គូស្វាមី ភរិយា និងគូសង្សារ ដែលសកម្មភាពនេះ អាចបង្កជាហានិភ័យខ្ពស់ នាំឲ្យមានការចម្លងជំងឺកូវីដ-១៩ ចូល ទៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ ជាពិសេសវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលជាប្រភេទវីរុសឆ្លងលឿនជាងប្រភេទមុនៗ។

ក្រសួងសុខាភិបាល ក្រើនរំលឹកដល់សាធារណជន ពិសេសយុវជន-យុវនារី បន្តការប្រុងប្រយ័ត្នខ្ពស់ នូវលទ្ធភាពការឆ្លងវីរុសកូវីដ ដែលកំពុងចរាចរក្នុងសហគមន៍ និងអនុវត្តន៍វិធានការសុខាភិបាល ឲ្យបានម៉ត់ចត់។

ក្រសួងថា ការចម្លងវីរុសកូវីដ បំប្លែងថ្មីអូមីក្រុង ភាគច្រើនកើតមានក្នុង ចំណោមក្រុមមនុស្សដែលមានការជួបជុំគ្នាច្រើន ហើយមានការធ្វេសប្រហែស ក្នុងការអនុវត្តវិធានាការសុខាភិបាលត្រឹមត្រូវ ដែលបង្កជាឱកាសធ្វើឲ្យមានការចម្លងបន្តគ្នា ហើយពួកគាត់អាចនាំយកវីរុសកូវីដ បំប្លែងថ្មីអូមីក្រុង ទៅចម្លងបន្តដល់ក្រុមគ្រួសារ ជាពិសេសជនងាយរងគ្រោះនៅក្នុងគ្រួសាររបស់គាត់ ដូចជាមនុស្សវ័យចាស់ អ្នកមានជំងឺប្រចាំកាយជាដើម ។

ក្រសួងសុខាភិបាល ក៏បានអំពាវនាវ ទទូចដល់សាធារណជន ជាពិសេសយុវជន-យុវនារី ត្រូវរួមគ្នាចូលរួម ទប់ស្កាត់ការចម្លងជំងឺកូវីដ និងកាត់ផ្តាច់ខ្សែចម្លងវីរុស កូវីដបំប្លែងថ្មីអូមីក្រុង ក្នុងសហគមន៍ដោយការទទួលខុសត្រូវ លើគ្រប់សកម្មភាព នៃការរស់នៅ និងត្រូវប្រែក្លាយថ្ងៃនោះ ជាថ្ងៃបង្ហាញការចូលរួម និងការយកចិត្តទុកដាក់ក្នុងការការពារមនុស្ស ជាទីស្រលាញ់របស់ខ្លួន។

លើសពីនេះក្រសួងសុខាភិបាល បានលើកទឹកចិត្ត និងជំរុញក្រសួងព័ត៌មាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ជួយធ្វើការអប់រំសុខភាព និងផ្សព្វផ្សាយនូវវិធានការ ការពារខ្លួនពីការចម្លងវីរុស អូមីក្រុងនេះ ដល់ប្រជាជនទាំងអស់ នៅទូទាំងប្រទេស ៕

To Top