ព័ត៌មានជាតិ

លោក អ៉ិត សំហេង៖ ទោះស្ថិតក្នុងស្ថានភាពលំបាក កូវីដ-១៩ តែ ប.ស.ស. នៅតែសម្រេចបាន លទ្ធផលការងារ យ៉ាងល្អប្រសើរ ក្នុងឆ្នាំ២០២១

ភ្នំពេញ៖ ក្នុងឱកាសអង្គសន្និបាត បូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ នាថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ របស់បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ដែលបានអនុវត្តការងារកន្លងមក ក្នុងការបម្រើសេវាសង្គមជូនដល់សមាជិក ប.ស.ស. របស់ខ្លួន ប្រកបដោយភាពទន់ភ្លន់ ជាមួយនឹងក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាន លទ្ធផលល្អប្រសើរ បើទោះបីជាស្ថិតក្នុង ស្ថានភាពដ៏លំបាក នៃការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។ 

ជាមួយគ្នានឹងការថ្លែង ឡើងខាងលើនេះផងដែរ  លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំមន្រ្តីបុគ្គលិកទាំងអស់ នៃ ប.ស.ស. ដែលបានសហការ ខិតខំបំពេញការងារ ជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា រួមទាំងអង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ រហូតទទួលបានសមិទ្ធផលយ៉ាងគាប់ប្រសើរ នាពេលនេះ ដែលបានរួមចំណែកគ្រប់សកម្មភាព ក្នុងការពង្រឹង និងអភិវឌ្ឍន៍យ៉ាងសកម្ម លើវិស័យសន្តិសុខសង្គមកម្ពុជា និងជាផ្នែកដ៏ធំក្នុងការលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង ឆ្លើយតបទៅនឹងគោលនយាបាយជាតិ គាំពារសង្គម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសសន្និបាតនេះដែរ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានថ្លែងបញ្ជាក់ថា៖បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម បានដំណើរការរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ ទាំងវិស័យឯកជន និងវិស័យសាធារណៈ ។ 

ក្នុងនោះសម្រាប់វិស័យឯកជន បានចុះបញ្ជីសរុបចំនួន ១៧៣១៧សហគ្រាស ដែលមានសមាជិកសរុបចំនួន ២ ៣០៥ ៩៥៨នាក់ និងផ្នែកថែទាំសុខភាព ចំនួន ១៤ ៦៨៩សហគ្រាស មានសមាជិកចំនួន ២ ៣០៥ ៩៥៨នាក់។ ចំណែកវិស័យសាធារណៈ បានចុះបញ្ជីផ្នែកថែទាំសុខភាព សរុបចំនួន ៣៨ស្ថាប័ន មានសមាជិកសរុប ៣៩៨ ៧៤០នាក់ និងផ្នែកហានិភ័យការងារ ចំនួន ៣៥ស្ថាប័ន មានសមាជិកសរុប ២៤៨ ៨៩២នាក់។

លោកអគ្គនាយក បានថ្លែងបន្ថែមទៀតថា៖ ក្នុងឆ្នាំ២០២១ កន្លងទៅនេះ ប.ស.ស. បានអនុវត្តបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល សម្រាប់កម្មករនិយោជិត ជាស្រី្ដនៅពេលសម្រាលកូន ទាំងក្នុង និងក្រៅប្រព័ន្ធ សរុបជាទឹកប្រាក់ចំនួន ២៦.២២ ប៊ីលានរៀល និងផ្ដល់តាវកាលិកជូនសមាជិករបស់ខ្លួន ចំពោះផ្នែកហានិភ័យការងារ សរុបជាទឹកប្រាក់ចំនួន ១០.៦៨ប៊ីលានរៀល និងផ្នែកថែទាំសុខភាព សរុបជាទឹកប្រាក់ចំនួន ១៥៦.២០ ប៊ីលានរៀលផងដែរ។

គួររំលឹកឱ្យដឹងផងដែរថា៖ ប.ស.ស. ធ្លាប់បានទទួលពានរង្វាន់ចំនួន ៥លើករួចមកហើយពី ប្រធានសមាគមសន្ដិសុខសង្គមអាស៊ាន(ASSA) ដែលក្នុងនោះរួមមាន៖

លើកទី១៖ ពានរង្វាន់អង្គភាពឆ្នើម ក្នុងការអនុវត្ត របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់នៅឆ្នាំ២០១៥ ។ លើកទី២៖ ពានរង្វាន់ផ្តើមស្តីពីការគ្របដណ្តប់ផ្នែកធានារ៉ាប់រង សន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅឆ្នាំ២០១៦ ។  លើកទី៣៖ ទទួលបានពានរង្វាន់ស្តីពីការផ្តល់សេវាល្អ សម្រាប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នៅឆ្នាំ២០១៨ ។ 

លើកទី៤៖ ពានរង្វាន់ស្តីពីការ ផ្តល់សេវាសាធារណៈ រ៉ាប់រងសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជននៅឆ្នាំ២០១៩ និងលើកទី៥៖ ពានរង្វាន់អង្គភាពឆ្នើមលើការពង្រីក របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់បុគ្គល នៃវិស័យសាធារណៈ នៅឆ្នាំ២០២១។

សូមបញ្ជាក់ថា ៖  អង្គសន្និបាតខាងលើ ប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រមាណជា២០០នាក់ទាំងការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូអនឡាញ (Zoom Meeting)៕

To Top