ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជម្ងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងស្រុកកងមាស

កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ២០២២ នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចុះពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ធ្វើនៅក្នុងបរិវេណវិទ្យាល័យកងតាណឹង ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលអញ្ជើញមក ពិនិត្យនិងព្យាបាលជំងឺ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា កន្លងទៅក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ធ្លាប់បានចុះពិនិត្យនិងព្យាបាលជំងឺប្រជាពលរដ្ឋ នៅក្នុងស្រុកជើងព្រៃ និងស្រុកកំពង់សៀម ។

ប៉ុន្តែក្រោយពេលប្រទេសជាតិ ជួបវិបត្តិជំងឺកូវីដ១៩ កម្មវិធីព្យាបាលជំងឺនេះត្រូវបានលើកពេល រហូត មកដល់បច្ចុប្បន្ននេះ ដោយសារមានការធូរស្រាលពីជំងឺកូវីដ១៩ ទើបកម្មវិធីនេះចាប់ដំណើរការជាថ្មី ដោយផ្ដើមចេញពីស្រុកកងមាសនេះតែម្ដង ដោយមានក្រុមគ្រូពេទ្យប្រមាណជា ៥០០ នាក់ នៅបម្រើសេវាព្យាបាលជូន ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្ដែងនូវការអរគុណជាអនេក ចំពោះថ្នាក់ដឹកនាំនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ដឹកនាំដោយលោក ឡេង ផល្លី ដែលបានខិតខំប្រឹងប្រែងរៀបចំ នូវផែនការយ៉ាងលំអិត ក្នុងការពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥត គិតថ្លៃនៅពេលនេះ ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ដែលបានពិនិត្យ និងព្យាបាលជំងឺរួច សូមគោរពទៅតាមវេជ្ជបញ្ជា ណែនាំរបស់គ្រូពេទ្យឲ្យបានហ្មត់ចត់ ក្នុងការប្រើប្រាស់ថ្នាំអោយបានត្រឹមត្រូវ ដើម្បីឲ្យជំងឺរបស់បងប្អូនបាន ជាសះស្បើយឆាប់រហ័ស ។

លោកអភិបាលខេត្តបានបញ្ជាក់ថា កម្មវិធីព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងមានផែនការ បន្តកម្មវិធីនេះ ទៅស្រុកជើងព្រៃម្ដងទៀត និងស្រុកស្រីសន្ធរ ក្នុងខែមិនា ខាងមុខនេះ និង ស្រុកចំការលើចុងក្រោយ ក្នុងខែឧសភា ៕

To Top