ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានលោកស្រី ជូ ប៊ុនអេង តំណាង លោកស្រី អ៊ឹង កន្ថាផាវី ជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី លើកឡើងថា ការអភិវឌ្ឍសមត្ថភាពស្ត្រី ជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអភិវឌ្ឍសមត្ថភាព ដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយថ្នាក់ដឹកនាំស្ថាប័ន ។
កិច្ចប្រជុំខាងលើនេះដែរ ត្រូវបានសម្តេចតេជោ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោ បានបន្តថា បច្ចុប្បន្ន ស្ត្រីបានចូលរួមចំណែក ក្នុងកិច្ចការងារជាច្រើនវិស័យ។
លោកស្រី ជូ ប៊ុនអេង បានថ្លែងថា “ការអភិវឌ្ឍសមត្ថភាពស្ត្រី ជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអភិវឌ្ឍសមត្ថភាព ដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយថ្នាក់ដឹកនាំស្ថាប័ន ។ ពីឆ្នាំ២០២០-២០២១ ស្ត្រីចំនួន២២៣៥ នាក់ នៃចំនួនអ្នកចូលរួមសរុប ៣៨៧១នាក់ បានចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងជំនាញនានាទាំងក្នុងប្រទេស និងក្រៅប្រទេស”។
លោកស្រីបន្តថា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីអភិវឌ្ឍន៍ សមត្ថភាពមន្ត្រីកិច្ចការនារី ក្នុងការអនុវត្តការងារ ការស្វែងរកការគាំទ្រមតិ ការបញ្ជ្រាបយេនឌ័រ និងបរិយាបន្ន សីលធម៌សង្គម និងភាពជាអ្នកដឹកនាំ និងដាក់បញ្ចូល ទៅក្នុងកម្មវិធីវិនិយោគ ឃុំ សង្កាត់ និងសមាហរណកម្មផែនការឃុំ សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ។ ក្រសួងបានបើកវគ្គតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងតួនាទីស្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងភារកិច្ចរបស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ អ្នកចូលរួម ១,១២៣ នាក់(ស្រ្តី៨៤០នាក់)»។
លោកស្រីបន្តទៀតថា របាយការណ៍លទ្ធផលការងារ ឆ្នាំ២០២០-២០២១ បង្ហាញពីវឌ្ឍនភាពការប្រឈមថ្មីៗ និងចំណុចសេសសល់ទាំងឡាយ ដែលយើងទាំងអស់គ្នាចាំបាច់ ត្រូវខិតខំបន្តការដោះស្រាយ ក្នុងបរិការណ៍នៃជំងឺកូវីដ១៩ ដើម្បីស្តារ និងជំរុញការអភិវឌ្ឍគ្រប់វិស័យ តាមរយៈការបន្តអនុវត្តវិធានការ ផ្នែកគោលនយោបាយ កម្មវិធីនិងសកម្មភាពជាក់លាក់នានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចតេជោ ជាអនុប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី តែងតែបើកកិច្ចប្រជុំជាទៀងទាត់ រៀងរាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍ លើការងារមួយចំនួនរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព ឋានៈ តួនាទី ពិសេសការចូលរួមដោះស្រាយ រាល់ការងារជាអាទិភាពនានារបស់ស្ត្រី៕