ព័ត៌មានជាតិ

ចុងសប្ដាហ៍ទី៣! ភ្ញៀវទេសចរ ថយចុះ ដោយសារអូមីក្រុង

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ជាមួយការបន្តកំរើកឡើងវិញនៃការឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ចរន្តភ្ញៀវទេសចរ នៅតាមគោលដៅទេសចរណ៍នានា មានការថមថយខ្លះនាចុងសប្តាហ៍នេះ។ ជាក់ស្តែង តួលេខខាងលើថយចុះ ៩.៤៤% ធៀបនឹងចុងសប្តាហ៍កន្លងមក។ នេះបើយោងតាមក្រសួងទេសចរណ៍។

លោករដ្ឋមន្រ្តីបន្ថែមថា ទោះបីមានការថមថយខ្លះ ប៉ុន្តែតួលេខខាងលើនៅមានកម្រិតប្រហាក់ប្រហែលនឹងស្ថានភាពពេលដែលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានបិទបញ្ចប់។ តាមការសង្កេតជាក់ស្តែងរបស់មន្ទីរទេសចរណ៍ ភ្ញៀវពីរាជធានីភ្នំពេញ ទៅកាន់គោលដៅទេសចរណ៍ តាមបណ្តាខេត្តមិនសូវមានចំនួនច្រើនដូចសប្តាហ៍កន្លងមកទេ។ ភ្ញៀវភាគច្រើនជាភ្ញៀវក្នុងខេត្តខ្លួនឯង និងភ្ញៀវឆ្លងខេត្តជិតៗគ្នា។

ក្នុងឱកាសនេះ លោក ថោង ខុន បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុង នាចុងសប្តាហ៍ ថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសមាន ភ្ញៀវចេញដើរកម្សាន្តសរុបចំនួន១៩៩,០៦៧នាក់
ក្នុងនោះមានភ្ញៀវជាតិ១៨៨,០៨១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០,៩៨៦នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៤៥,២១៦នាក់ រាជធានីភ្នំពេញ ២៤,៨០៤នាក់ខេត្តពោធិ៍សាត់ ២៤,៧៤១នាក់ ខេត្តបាត់ដំបង ២២,៨៤២នាក់ ខេត្តសៀមរាប ១៦,៥៦៧នាក់ និងខេត្តកំពត ១៤,៧៤៦នាក់។

លោកថា ចាប់តាំងពីសប្តាហ៍មុន និងបន្តដល់ចុងសប្តាហ៍នេះ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំ ជាបន្តបន្ទាប់ដល់មន្ទីរទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទាំងអស់ឲ្យខិតខំបន្តពង្រឹងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ និង SOP លើគ្រប់សេវាកម្មទេសចរណ៍ និងខិតខំបន្តគ្រប់គ្រងចរន្តភ្ញៀវទេសចរកុំឲ្យមានកកកុញ ឬប្រមូលផ្តុំច្រើនពេលទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា៕

To Top