ព័ត៌មានជាតិ

អូស្ត្រាលី បង្កើតបច្ចេកវិទ្យា ដើម្បីការពារវ៉ាក់សាំង ដោយ មិនចាំបាច់ដាក់ប្រើទូរទឹកកក

កង់បេរ៉ា៖ អ្នកស្រាវជ្រាវមកពីទីភ្នាក់ងារវិទ្យាសាស្ត្រជាតិរបស់ប្រទេសអូស្ត្រាលី បានបង្កើតបច្ចេកវិទ្យាដែលអាចលុបបំបាត់តម្រូវការក្នុងការដាក់វ៉ាក់សាំងក្នុងទូទឹកកក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងការសិក្សាមួយ ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រុមមកពីអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហកម្ម Commonwealth (CSIRO) បានរកឃើញថា ការវេចខ្ចប់វ៉ាក់សាំងមេរោគផ្ទាល់នៅក្នុងក្របខ័ណ្ឌសរីរាង្គដែក (MOFs) ការពារប្រសិទ្ធភាពរបស់វ៉ាក់សាំងបានរហូតដល់ ១២សប្តាហ៍នៅសីតុណ្ហភាពខ្ពស់រហូតដល់ ៣៧ អង្សាសេ។

បើគ្មានទូរទឹកកក ឬ MOFs ទេនោះ វ៉ាក់សាំងនឹងមានរយៈពេលតែពីរ ទៅបីថ្ងៃប៉ុណ្ណោះ។អង្គការសុខភាពពិភពលោក (WHO) ប៉ាន់ប្រមាណថា ជារៀងរាល់ឆ្នាំយ៉ាងហោចណាស់វ៉ាក់សាំង ៥០ភាគរយត្រូវបានខ្ជះខ្ជាយទូទាំងពិភពលោក ដោយសារតែបញ្ហាប្រឈមនៃការដឹកជញ្ជូនវានៅក្នុងបរិយាកាស ដែលគ្រប់គ្រងដោយសីតុណ្ហភាព នេះបើយោងតាម CSIRO ។

លោក Daniel Layton អ្នកជំនាញខាងការពារភាពស៊ាំរបស់ CSIRO បានលើកឡើងថា របកគំហើញនេះមានសក្តានុពលក្នុងការអនុញ្ញាតឱ្យមានលទ្ធភាពទទួលបានវ៉ាក់សាំងកាន់តែច្រើន និងសមធម៌នៅទូទាំងពិភពលោក។

លោកបានលើកឡើងថា “ការចាក់វ៉ាក់សាំងគឺពិតជាការអន្តរាគមន៍ផ្នែកវេជ្ជសាស្រ្ដដ៏មានប្រសិទ្ធភាពបំផុតមួយ ដោយបានជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗ ទោះជាយ៉ាងណាក៏ដោយ ការផ្តល់វ៉ាក់សាំង ជាពិសេសទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ គឺមានបញ្ហាប្រឈម ដោយសារពួកគេតែងតែខ្វះខ្សែសង្វាក់ផ្គត់ផ្គង់កន្លែងផ្ទុកត្រជាក់ ដែលត្រូវការដើម្បីរក្សាវ៉ាក់សាំងឱ្យដំណើរការ”៕


ដោយ ឈូក បូរ៉ា

To Top