នយោបាយ

សម្ដេចតេជោ ៖ ការចង់កំចាត់ កម្លាំងយោធាភូមាទាំងស្រុង ប្រៀបបានយកក្បាល ទៅបុកជញ្ជាំងដែលមានសុទ្ធតែ ដែកគោល

ភ្នំពេញ៖ បន្ទាប់ពីមានការខ្វែងគំនិតគ្នា ទៅលើការដោះស្រាយ វិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាឬភូមា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានចាត់ទុកចេតនា នៃការចង់កំចាត់កម្លាំងយោធាភូមាទាំងស្រុង ប្រៀបបានយកក្បាលបោល ទៅបុកជញ្ជាំង ដែលមានសុទ្ធតែដែកគោល។

ថ្លែងចេញពីក្នុង កម្មពិធីបើកការដ្ឋានសាងសង់ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចតេជោបានមានប្រសាសន៍ថា “មិនមែនជារឿងទៅព្រឹកមកវិញល្ងាចនោះទេ ។ មានអ្នកខ្លះហាក់ដូចជាមានចេតនា និងចង់ឲ្យបានផល នៅពេលដែលខ្ញុំធ្វើដំណើរទៅមីយ៉ាន់ម៉ា ក្នុងពេលដែលមីយ៉ាន់ម៉ា កំពុងបានគ្រប់គ្រងដោយកងទ័ពរយៈពេល៧០ឆ្នាំរួចទៅហើយ” ។

សម្ដេចថា មានអ្នកខ្លះទៅជេប្រេសិតអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុងការបែកចែកអំណាច អីចឹងមានចេតនាមួយកំពុងតែលេចឡើង គឺការកំចាត់ចោល កម្លាំងយោធារបស់មីយ៉ាន់ម៉ា ទាំងស្រុងតែម្ដង ។

សម្ដេចតេជោបញ្ជាក់ថា «តើគេសុខចិត្តទេ !បើអ្នកឯងធ្វើតាមហ្នឹង វាមិនខុសពីយកក្បាលបោល ទៅបុកនឹងជញ្ជាំង ដែលមានសុទ្ធតែ ដែកគោលនោះទេ»។

សម្ដេចបន្ថែមថា ម៉្យាងទៀតរដ្ឋធមនុញ្ញរបស់មីយ៉ាន់ម៉ាឆ្នាំ២០០៨ ដែលបានអនុវត្តន៍នោះ គេបានបែកចែកអំណាចហើយស្រេច សម្រាប់កងទ័ព២៥%នៃសមាជិកសភា ត្រូវតែងតាំងដោយអគ្គបញ្ជាការទ័ព។ អគ្គបញ្ជាការទ័ព មានសិទ្ធិតែងតាំងអនុប្រធានាធិបតីម្នាក់ តែងតាំងរដ្ឋមន្រ្តីការពារជាតិ រដ្ឋមន្រ្តីមហាផ្ទៃ និងតែងតាំងរដ្ឋមន្រ្តីព្រំដែន។

សម្ដេចតេជោសង្កត់ធ្ងន់ថា «ក្រុមជ្រុលនិយមមួយក្រុម អាចនឹងលេចមុខមាត់ ហើយក្រុមនេះ អាចនឹងពន្យាសង្គ្រាម បង្កើតនូវសង្គ្រាមទៅវិញទេ» ។

សម្ដេចតេជោ នាយករដ្ឋមន្រ្តីបន្តថា ការចរចាមិនមែនជារឿងងាយស្រួលនោះទេ ពិបាកជាងគេគឺរឿងទិដ្ឋភាពយោធាតែម្ដង (រំសាយកងទ័ពប៉ុន្មាន ដកអាវុធម៉េច អីយ៉ាងម៉េច) មិនមែនជារឿងលេងសើច។

ប៉ុន្តែទោះបីជាយ៉ាងណា ក្នុងឋានៈជាមិត្តភក្តិរបស់មីយ៉ាន់ម៉ា ជាសមាជិកមួយ ក្នុងចំណោម១០នៃសមាគមអាស៊ាន សម្ដេចមិនបោះបង់ចោលការខិតខំក្នុងការកែលម្អស្ថានការណ៍ឡើយ ។

សម្ដេចបញ្ជាក់ថា «ហើយអ្នកខ្លះចង់ឲ្យខ្ញុំដែលធ្វើជាប្រធានអាស៊ាន ដោះស្រាយក្នុងរយៈពេល១២ខែ លើការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ។ ពេលខ្ញុំចង់ដោះបែរជា អាមួយថាត្រូវ អាមួយថាខុស តែយ៉ាងណាខ្ញុំមិនបោះបង់ចង់នូវការខិតខំរបស់ខ្ញុំ ក្នុងឋានៈជាមិត្តភក្តិ របស់មីយ៉ាន់ម៉ា ជាសមាជិកមួយ ក្នុងចំណោម១០នៃសមាជិកអាស៊ាន ជាមួយមីយ៉ាន់ម៉ា និងពេលនេះក្នុងឋានៈជាប្រធានអាស៊ាន ដែលត្រូវបានយកចិត្តទុកដាក់ យើងនឹងបន្តការខិតខំ ដើម្បីជំរុញប្រេសិតពិសេស របស់ប្រធានអាស៊ាន ទៅកាន់មីយ៉ាន់ម៉ា ដើម្បីធ្វើកិច្ចការរបស់គេ តាមអាណត្តិដែលត្រូវបានប្រគល់ ដោយមេដឹកនាំអាស៊ាននិងប្រធានអាស៊ាន »។

ជាមួយគ្នានេះ សម្ដេចក៏អរគុណចំពោះ ឯកអគ្គរាជទូជប៉ុន ក៏ដូចជារាជរដ្ឋាភិបាលជប៉ុន ដែលបន្តគាំទ្រ នូវដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីសម្រួលដលស្ថានការណ៍ប្រទេសនេះ។

សម្ដេចថា នឹងខិតខំសហការ ជាមួយដៃគូដទៃទៀតនៅក្នុងអាស៊ាន និងភាគីជប៉ុនដែលមានបទពិសោធន៍ និងស្គាល់ពីសភាពការណ៍នៅមីយ៉ាន់ម៉ា ដើម្បីរកវិធីសាស្រ្តជួយប្រទេសនេះឆ្លងកាត់ការលំបាក ពិសេសកុំឲ្យមានមនុស្សស្លាប់ដោយសារអំពើហិង្សា និងត្រូវធានាការផ្ដល់ជំនួយសម្រាប់ ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការពិតប្រាកដ ៕

To Top