ភ្នំពេញ៖ ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ នាដំណាក់កាលក្នុង និងក្រោយវិបត្តិកូវីដ-១៩ បារាំង មានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងក្របខណ្ឌអឺរ៉ុប-អាស៊ាន និងបារាំង-អាស៊ាន ហើយបានជ្រើសរើសកម្ពុជាជាដៃគូនាំមុខគេក្នុងការបង្កើន កិច្ចសហប្រតិបត្តិការនេះ ពីព្រោះកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។ មេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។

ក្នុងជំនួបជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ លោក ពើឡេត៍ ហ្សាគ (Pellet Jacques) ឯកអគ្គរដ្ឋទូតបារាំងថ្មី ប្រចាំកម្ពុជា បានលើកឡើងអំពីគោលបំណងរបស់រដ្ឋាបារាំង ដែលចង់បង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ជាមួយអាស៊ាន ពោលទាំងក្នុងក្របខណ្ឌអឺរ៉ុប-អាស៊ាន និងក្របខណ្ឌបារាំង-អាស៊ាន ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ នាដំណាក់កាលក្នុង និងក្រោយវិបត្តិកូវីដ-១៩។
លោក បានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា នាំមុខគេក្នុងការរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍នេះ ដើម្បីធ្វើជាគំរូដល់ប្រទេសសមាជិកដទៃ ដែលនេះជាការចូលរួម ដើម្បីផលប្រយោជន៍ ភាពរីកចម្រើនទាំងអស់គ្នា ពិសេសក្នុងនាមកម្ពុជាជាប្រធានអាស៊ានផងដែរ។

នាឱកាសនោះលោក ថោង ខុន បានស្នើឲ្យមានការជំរុញតភ្ជាប់ ជើងហោះហើរត្រង់ពីបារាំងទៅមកកម្ពុជា ដើម្បីជំរុញកំណើនភ្ញៀវទេសចរទៅមក។ លោកបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលបារាំង ដែលបានគាំទ្រការបង្កើត សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ចំនួន២ ដល់កម្ពុជា មួយគឺនៅរាជធានីភ្នំពេញ និងមួយទៀតនៅខេត្តព្រះសីហនុ ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សក្នុង វិស័យទេសចរណ៍កម្ពុជាផងដែរ ៕
