ព័ត៌មានជាតិ

លោក ប្រាក់ សុខុន៖ គំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិក អាចនាំមកសក្តានុពល និងអត្ថប្រយោជន៍ដ៏ធំធេង ដល់ប្រជាជន ពាក់កណ្តាលពិភពលោក

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងថា គំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិកទាំងឡាយ គឺអាចនាំមកនូវសក្តានុពល និងអត្ថប្រយោជន៍ដ៏ធំធេង ដល់យ៉ាងហោចណាស់ពាក់កណ្តាល នៃចំនួនប្រជាជនសរុប នៅលើពិភពលោក ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ កុម្ភៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា វេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់ កិច្ចសហប្រតិបត្តិការនៅឥណ្ឌូប៉ាស៊ីហ្វិក បានផ្តល់ឱកាសដ៏មានតម្លៃ សម្រាប់តួអង្គពាក់ព័ន្ធ នៅក្នុងតំបន់ដ៏សំខាន់មួយនេះ ដើម្បីជួបប្រាស្រ័យទាក់ទងគ្នា បង្កើនទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក និងផ្លាស់ប្តូរទស្សនៈ ដើម្បីរិះរកមធ្យោបាយកសាងអនាគតរួមគ្នា ដែលប្រកបដោយបរិយាប័ន្ន ភាពធន់ និងវិបុលភាព។

លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា «គំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិកទាំងឡាយ គឺអាចនាំមកនូវសក្តានុពល និងអត្ថប្រយោជន៍ដ៏ធំធេង ដល់យ៉ាងហោចណាស់ ពាក់កណ្តាល នៃចំនួនប្រជាជន សរុបលើពិភពលោក» ។

លោក ប្រាក់ សុខុន បន្ថែមថា វត្តមាន និងការប្តេជ្ញាចិត្តរបស់មិត្តភក្តិ នៅអឺរ៉ុបនឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់ភាពរុងរឿងនៃតំបន់ ហើយអឺរ៉ុប ក៏នឹងអាចទាញយក ផលប្រយោជន៍ពីកត្តានេះផងដែរ ៕

To Top