ព័ត៌មានជាតិ

រដ្ឋមន្រ្តីសាធារណការ ស្នើសិង្ហបុរី ពិនិត្យលទ្ធភាពចូលរួម ក្នុងភាពជាដៃគូ លើគម្រោងជាច្រើន នៅកម្ពុជា

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់ក្រុមហ៊ុន របស់សិង្ហបុរី ពិនិត្យលទ្ធភាព ក្នុងការចូលរួមក្នុងភាព ជាដៃគូជាមួយក្រសួង ដើម្បីរៀបចំដាក់ឱ្យដំណើរការ គម្រោងប្រើប្រាស់យានយន្ត ដើរដោយថាមពល អគ្គិសនី ផែនការមេ នៃគម្រោងប្រព្រឹត្តិកម្ម ចម្រោះទឹកកខ្វក់ ក៏ដូចជាគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត ដើម្បី ចូលរួមចំណែកក្នុងការអភិវឌ្ឍ វិស័យសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ឱ្យកាន់តែមានការរីកចម្រើន ថែមទៀត។

ការស្នើនេះធ្វើឡើង ក្នុងឱកាសលោករដ្ឋមន្រ្តីទទួល ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដោយមានការអមដំណើរពីគណៈប្រតិភូ Infrastructure Asia (IA) ដឹកនាំដោយលោក Lavan Thiru នាយកប្រតិបត្តិ IA នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងជំនួបពិភាក្សាការងារនេះ មានគោលបំណងសំខាន់ពីរ៖
១) ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាង IA និងក្រសួងសាធារណការ និងដឹកជញ្ជូន និង
២) រាយការណ៍អំពីវឌ្ឍនភាព នៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌល ភស្តុភារកម្មភ្នំពេញ(PPLC) លោករដ្ឋមន្ត្រី និងស្នើសុំ អនុសាសន៍ណែនាំបន្ថែម សំដៅឈានទៅអនុវត្តគម្រោងនេះ ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។

ក្នុងឱកាសនោះ លោកនាយកប្រតិបត្តិ IA បានឱ្យដឹងថា ជារួមការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) សម្រេចបានប្រមាណ៥០%ហើយ គ្រោងនឹងបញ្ចប់នៅពាក់ កណ្តាលខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីដាក់ជូនក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យនិងសម្រេច។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានសម្តែងនូវការពេញចិត្ត ចំពោះវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងអភិវឌ្ឍមជ្ឈមណ្ឌល ភស្តុភារកម្មភ្នំពេញ និងរង់ចាំមើលលទ្ធផល នៃការសិក្សានេះនៅក្នុង ខែមេសា ឆ្នាំ២០២២ ដើម្បីឈានទៅបើកការដ្ឋានសាងសង់ មជ្ឈមណ្ឌលនេះ តាមផែនការដែលបាន គ្រោងទុកនៅក្នុងខែ វិច្ឆិកា ឆ្នាំ២០២២។

ជាមួយគ្នានោះផងដែរ លោករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ក្នុងការចូលរួមក្នុងភាព ជាដៃគូជាមួយក្រសួង ដើម្បីរៀបចំដាក់ឱ្យដំណើរការ គម្រោងប្រើប្រាស់យានយន្ត ដើរដោយថាមពល អគ្គិសនី ផែនការមេ នៃគម្រោងប្រព្រឹត្តិកម្ម ចម្រោះទឹកកខ្វក់ ក៏ដូចជាគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត ដើម្បី ចូលរួមចំណែកក្នុងការអភិវឌ្ឍ វិស័យសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ឱ្យកាន់តែមានការរីកចម្រើន ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ស៊ុន ចាន់ថុល បានជម្រាបជូនភ្ញៀវអំពី កិច្ចសហការរវាងក្រសួង ជាមួយនឹងអង្គការ UNDP (កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) ដើម្បីដំឡើងស្ថានីយសាកថ្ម EVs និងការបង្កើតShow Roomសម្រាប់រថយន្តEVs នៅក្នុងខែមីនា ឆ្នាំ២០២២ និងការរៀបចំសេចក្តីព្រាង គោលនយោបាយដឹកជញ្ជូន ផ្លូវគោកពេញលេញមួយ ក្នុងការជំរុញការប្រើប្រាស់រថយន្តដើរ ដោយថាមពលអគ្គិសនី (EV) ដើម្បីចូលរួមចំណែក កាត់បន្ថយការបំភាយឧស្ម័នកាបូន៕

To Top