ព័ត៌មានជាតិ

គយ លើកលែង ការតម្រូវឲ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ ថា គ្មានមេរោគកូវីដ-១៩ ចំពោះសាច់បង្កក នាំចូលកម្ពុជា

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចលើកលែង ការតម្រូវឲ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ថា គ្មានវិរុសកូវីដ-១៩ ចំពោះការនាំសាច់បង្កក ចូលមកប្រទេសកម្ពុជា។

យោងតាមលិខិតរបស់ អគ្គនាយកដ្ឋានគយ នាពេលថ្មីៗនេះ បានឲ្យដឹងថា ដោយសង្កេតឃើញស្ថានភាព នៃការឆ្លងរាលដាល់ជំងឺកូវីដ-១៩ ជាពិសេសវីរុសប្រភេទ Delta នៅតាមបណ្តាប្រទេសប្រភពនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀត ចូលមកកម្ពុជា មានភាពធូរស្រាល ស្របពេល ដែលស្ថានភាពការរីករាលដាល់ នៃវីរុសប្រភេទ បំប្លែងថ្មី Omicron ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ហើយលទ្ធផល នៃការធ្វើតេស្ត លើសាច់បង្កក នាពេលកន្លងមក ពុំឃើញមានវត្តមានវីរុសកូវីដ-១៩ ។

អគ្គនាយកដ្ឋានគយ បានបញ្ជាក់ថា «សម្រេចលើកលែង ការតម្រូវឲ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ ចេញដោយអាជ្ញាធរមាន សមត្ថកិច្ចនាំចេញ» ។

ដោយឡែក ចំពោះមុខទំនិញត្រជាក់ និងទំនិញបង្កកនាំចូលពីប្រទេសជិតខាង មន្រ្តីគយ និងរដ្ឋាករមានសមត្ថកិច្ច ត្រូវបន្តអនុវត្តវិធានការអនាម័យ និងវិធានការសុខាភិបាល ឲ្យបានហ្មត់ចត់ ដោយបាញ់ថ្នាំសម្លាប់មេរោគ លើសំបកវេចខ្ចប់ និងមធ្យោបាយដឹកជញ្ជូនទំនិញ ៕

To Top