ព័ត៌មានជាតិ

Breaking News៖ មានអតីតនិស្សិតខ្មែរ ជំនាន់អតីតសហភាពសូវៀត ២៣នាក់ កំពុងរស់នៅលើទឹកដីអ៊ុយក្រែន ជាមួយគ្រួសាររបស់ពួកគេ

ភ្នំពេញ៖ មានអតីតនិស្សិតខ្មែរ ដែលបានទៅសិក្សាក្នុងជំនាន់ អតីតសហភាពសូវៀត ក្នុងរង្វង់ទសវត្សរ៍ទី៨០ និងដើមទសវត្សរ៍ទី៩០ ចំនួន ២៣នាក់ ដែលកំពុងរស់នៅលើទឹកដី ប្រទេសអ៊ុយក្រែន ជាមួយគ្រួសាររបស់ពួកគេ ។ នេះជាការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ ។

តាមរយៈសេចក្តីជូនព័ត៌មាន នៅថ្ងៃទី២៦ ខែកុម្ភៈនេះ លោក ជុំ សុន្ទរី បញ្ជាក់យ៉ាងដូច្នេះថា «បន្ថែមលើព័ត៌មានបឋម ដែលបានជំរាបជូនកាលពីថ្ងៃទី២៥ កុម្ភៈ ខ្ញុំសូមជំរាបជូនថា តាមព័ត៌មានទទួលបានពី សមាគមអតីតនិស្សិតកម្ពុជានៅសហភាពសូវៀត ពុំមាននិស្សិតកម្ពុជាដែលបច្ចុប្បន្ន កំពុងសិក្សានៅក្នុងប្រទេសអ៊ុយក្រេនទេ ក៏ប៉ុន្តែមានអតីតនិស្សិតដែលបាន ទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ក្នុងរង្វង់ទស្សវត្សទី៨០ និង ដើមទស្សវត្សទី៩០ ចំនួន ២៣នាក់ដែលកំពង់រស់នៅ លើទឹកដីប្រទេសអ៊ុយក្រែន ជាមួយគ្រួសាររបស់ពួកគេ» ។

លោកគូសបញ្ជាក់ថា ក្រសួងការបរទេស និងស្ថានទូតកម្ពុជាប្រចាំនៅរុស្សី កំពុងខិតខំទំនាក់ទំនង ជាមួយពលរដ្ឋខ្មែរទាំងអស់នោះ ដើម្បីទទួលបានព័ត៌មាន អំពីស្ថានភាពរបស់ពួកគាត់ ៕

To Top