ព័ត៌មានជាតិ

ជប៉ុន ៖ នៅពេលមហាជនស្គាល់មន្ដ្រី គ.ជ.ប ពួកគាត់ជឿជាក់លើ គ.ជ.ប នឹងទទួលយកលទ្ធផលបោះឆ្នោត

ភ្នំពេញ ៖ លោក ឈីមីហ៊្សូ ដៃស៊ូខេ ( Shimizu Daisuke) អតីតអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ជប៉ុន បានប្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) របស់កម្ពុជា ថា នៅពេលមហាជនស្គាល់មន្រ្តី គ.ជ.ប ពួកគាត់នឹងជឿជាក់លើ គ.ជ.ប ហើយលទ្ធផលបោះឆ្នោត នឹងទទួលយកបានជាភាពត្រឹមត្រូវ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន គ.ជ.ប។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នារសៀលថ្ងៃទី២៥ កុម្ភៈ លោក ឈីមីហ៊្សូ ដៃស៊ូខេ បានថ្លែងថា សម្រាប់ការងារអប់រំសាធារណជនអំពីការបោះឆ្នោត គឺមានការងារជាច្រើនដែលត្រូវធ្វើ លោកមានបទពិសោធន៍ជាច្រើនធ្លាប់អនុវត្តនៅប្រទេសជប៉ុន។

លោក បន្ដថា តាមរយៈអ្នកជំនាញការ JICA ប្រចាំនៅ គ.ជ.ប គឺលោក តាតហ៊្សូមិ ថូម៉ូយូគិ (Tatsumi Tomoyuki) រីករាយនឹងចែករំលែកនូវអ្វីដែលគាត់ធ្លាប់ធ្វើនៅប្រទេសជប៉ុន ហើយការសម្រេចចិត្តទទួលយកធ្វើកម្រិតណាគឺអាស្រ័យលើ គ.ជ.ប កម្ពុជា ទៅតាមស្ថានភាពប្រទេសរបស់ខ្លួន។

លោក បញ្ជាក់ថា «គម្រោងអប់រំជាប្រចាំ គឺមន្រ្តីបោះឆ្នោត ត្រូវចុះទៅធ្វើការអប់រំនៅរាជធានី ខេត្ត ទាំង ២៥ តាមរយៈគ្រឹះស្ថានសិក្សា និងសហគមន៍ គឺជាការផ្សាភ្ជាប់រវាងមហាជនជាមួយមន្រ្តីបោះឆ្នោតដោយផ្ទាល់ ។ នៅពេលមហាជនស្គាល់មន្រ្តី គ.ជ.ប និងមានចំណេះដឹងបោះឆ្នោត ពួកគាត់នឹងជឿជាក់លើ គ.ជ.ប ហើយលទ្ធផលបោះឆ្នោតដែល រៀបចំដោយ គ.ជ.ប នឹងទទួលយកបានជាភាពត្រឹមត្រូវ និងជឿទុកចិត្តបាន»។

នាឱកាសនោះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន តែងតែជួយដល់ការបោះឆ្នោតនៅកម្ពុជា តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន ទាំងសម្ភារ បរិក្ខារ អ្នកជំនាញការ ព្រមទាំងអនុញ្ញាតឲ្យ គ.ជ.ប បញ្ជូនមន្ត្រីបោះឆ្នោតទៅបណ្តុះបណ្តាលរយៈពេលខ្លីនៅជប៉ុនថែមទៀតផង។

លោក បានរំលឹកថែមទៀតថា នៅឆ្នាំ២០១៦ រដ្ឋាភិបាលជប៉ុន បានជួយក្នុងការកែទម្រង់ការចុះឈ្មោះអ្នកបោះឆ្នោត ពីការចុះឈ្មោះដោយដៃមកជាការចុះឈ្មោះ ដោយប្រព័ន្ធកុំព្យូទ័រ ដែលប្រទេសជប៉ុនបានជួយ ស៊ើវើ (Server) សម្រាប់ផ្ទុកទិន្ន័យអ្នកបោះឆ្នោត និងរថយន្ត ហើយ គ.ជ.ប បានប្រើប្រាស់សម្ភារទាំងនោះរហូតមកដល់សព្វថ្ងៃ។ លោកថា នៅថ្ងៃខាងមុខសម្ភារមួយចំនួននឹងចាស់ទ្រុឌទ្រោម ឬខូចប្រើការលែងកើត ដូចនេះ គ.ជ.ប សំណូរពរសុំឲ្យប្រទេសជប៉ុនជួយដល់ គ.ជ.ប កម្ពុជា ជាបន្តទៀត។

លោក ប្រធាន គ.ជ.ប បានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ គ.ជ.ប បានដាក់ឲ្យប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាព័ត៌មាន ក្នុងដំណើរការរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បែបបទនៃការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតតាមប្រព័ន្ធទិន្ន័យបញ្ជីបោះឆ្នោត និងការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត រួមជាមួយនឹងការប្រកាសបេក្ខជនជាប់ឆ្នោត៕

To Top