ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងធនធានទឹក រៀបរាប់ ពីសារសំខាន់ នៃកិច្ចសហប្រតិបត្តិការតំបន់ និងបញ្ហាប្រឈម ក្នុងអាងទន្លេមេគង្គ ទៅលេខាធិការដ្ឋាន MRC

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួង ធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា និងជាសមាជិក ក្រុមប្រឹក្សាគណៈកម្មការ ទន្លេមេគង្គ (Mekong River Commission-MRC) សម្រាប់កម្ពុជា បានអនុញ្ញាតឲ្យលោកបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិ (Chief Executive Officer-CEO) នៃលេខាធិការដ្ឋាន MRC ជួបសំដែងការគួរសម និងពិភាក្សាការងារ តាមរយៈប្រព័ន្ធ ZOOM នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ។ លោកបណ្ឌិត Anoulak Kittikhoun ត្រូវបានជ្រើសតាំងជានាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន MRC។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការតំបន់ និងបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ រួមមាន ៖ កំណើនប្រជាជន និងការអភិវឌ្ឍ ការកើនឡើង តម្រូវការទឹក ការប្រែប្រួល អាកាសធាតុនិងហានិភ័យ នៃភាពរាំងស្ងួត និងទឹកជំនន់ជាដើម ដែលបាន និងកំពុងដាក់ សម្ពាធមកលើធនធានធម្មជាតិ ក្នុងអាង ដែលត្រូវបន្តយកចិត្តទុកដាក់ពង្រឹង និងធ្វើកិច្ចសហការរួមគ្នា ឲ្យបានកាន់តែប្រសើរ ក្នុងចំណោមប្រទេសជាសមាជិក និងជាមួយដៃគូ ពាក់ព័ន្ធផ្សេងទៀត ដើម្បីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក និងធនធានពាក់ព័ន្ធ ក្នុងអាងទន្លេមេគង្គ ប្រកបដោយប្រសិទ្ធភាព និងដោយចីរភាព ដោយសម្រេចបាននូវវិបុលភាពរួមគ្នា ។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួនដែលត្រូវយកចិត្តទុកដាក់ និងបានជូនពរលោកនាយប្រតិបត្តិ ឲ្យទទួលបានជោគជ័យ សម្រាប់មុខដំណែងថ្មីនេះ ដើម្បីនាំមកនូវសមិទ្ធិផលសំខាន់ៗបន្ថែមទៀតក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ MRC ។

ចំណែក លោកបណ្ឌិត Anoulak Kittikhoun បានប្តេជ្ញាចិត្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការតំបន់ ការខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ឆ្ពោះទៅសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយការទទួលខុសត្រូវ និងដោយចីរភាពក្នុងអាងទន្លេមេគង្គ៕

To Top