ព័ត៌មានជាតិ

សម្តេចតេជោ ៖ ភាពយន្ត ចម្រៀង និងតន្រី្តខ្មែរ ប្រែប្រួលមុខមាត់ កាន់តែប្រសើរ ទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ

ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិលើកទី២៤ ឆ្នាំ២០២២ នាថ្ងៃ៣ មីនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងភាពជាដៃគូល្អរវាងរដ្ឋ និងឯកជន បានធ្វើឲ្យឧស្សាហកម្មភាពយន្ត ចម្រៀង និងតន្រ្តីកម្ពុជាមានការប្រែប្រួលមុខមាត់កាន់តែប្រសើរឡើង គួរជាទីមោទកទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ។

សម្តេចបន្តថា ជាមួយគ្នានេះដែរ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ឧស្សាហកម្មចម្រៀង និងភាពយន្តខ្មែរ ពិសេសភាពយន្ត សម្រាប់ ចាក់បញ្ចាំង តាមកញ្ចក់ទូរទស្សន៍ គឺត្រូវបានផលិតជាស្នាដៃនិពន្ធថ្មីកាន់តែច្រើន ហើយគុណភាព ក៏កាន់តែល្អប្រសើរ ស្របទៅតាមតម្រូវការ សង្គមបច្ចុប្បន្ន។

សម្តេចក៏បានវាយតម្លៃខ្ពស់ ចំពោះវិស័យឯកជនដែលបានខិតខំនិពន្ធ និងបង្កើតស្នាដៃសិល្បៈថ្មីៗ ដែលមានគុណភាពស្រប តាមច្បាប់ស្តីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដោយក្នុងនោះមានការចូលរួម ជួយលើកកម្ពស់សិល្បៈវប្បធម៌បុរាណខ្មែរ នៅក្នុងស្នាដៃនិពន្ធថ្មី របស់ខ្លួនផងដែរ ។

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា ឧស្សាហកម្មភាពយន្ត ចម្រៀង និងតន្រ្តី ជាឧស្សាហកម្មច្នៃប្រឌិត នៅក្នុងវិស័យវប្បធម៌ ដែលមានសក្តានុពលមិនចេះរីងស្ងួត ៕

To Top