ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន ស្នើអាជ្ញាធរ បង្ក្រាបឲ្យបានភ្លាមៗ រាល់ការបំផ្លាញ សំណង់បុរាណ និងបុរាណដ្ឋាន

ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្នើសុំអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ នៅមូលដ្ឋានទាំងអស់ ត្រូវចូលរួមទប់ស្កាត់ និងបង្ក្រាបឲ្យបានភ្លាមៗ រាល់បទល្មើសបំផ្លាញ សំណង់បុរាណ និងបុរាណដ្ឋាន ដែលកំពុងកើតឡើងស្ទើររាល់ថ្ងៃ នៅទូទាំងប្រទេស ។ ខណៈលោកស្រីឲ្យសិក្សា អំពីកាលានុវត្តភាពថ្មីៗ ដើម្បីអភិវឌ្ឍន៍ ឧស្សាហកម្មវប្បធម៌កម្ពុជា ដូចជា ឥរិយាបថរបស់ ប្រជាជនខ្មែរលើការថត Pre-Wedding នៅតាមបុរាណដ្ឋានវប្បធម៌ ។

ក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរទិវាវប្បធម៌ជាតិលើកទី២៤ ឆ្នាំ២០២២ នាថ្ងៃ៣ មីនានេះ លោកស្រី ម៉ែន សំអន បានមានប្រសាសន៍ថា ជាការពិត ការរៀបចំប្រារព្ធ “ទិវាវប្បធម៌ជាតិ” ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ បានក្លាយទៅជាផ្នែកមួយ នៃតំណអារ្យធម៌ដ៏រុងរឿង របស់មហានគរខ្មែរ នាសម័យអង្គរ ហើយក៏ជាកិត្តិយសរបស់ ប្រជាជនគ្រប់ៗរូប ដែលបានកើតមកជាជនជាតិខ្មែរ នៅលើទឹក ដីដ៏ស្រស់បវរ ដែលមានវប្បធម៌ដ៏ សម្បូរបែប ដែលបុព្វបុរសខ្មែរ បានបង្ហូរញើសឈាម និងបញ្ញាញាណកសាងឡើង ពីមួយជំនាន់ទៅមួយជំនាន់ ហើយបានបន្សល់ទុក ជាមរតកមកដល់គ្រប់គ្នា ជាកូនចៅ ជំនាន់ក្រោយដូចសព្វថ្ងៃ ។

លោកស្រីសង្កត់ធ្ងន់ថា «ការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ជាតិ អាចប្រកបដោយចីរភាព ទៅបាន គឺអាស្រ័យដោយមានការ ចូលរួមពីសំណាក់ ប្រជាពលរដ្ឋគ្រប់ រូប ពិសេសប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន ដែលមានមរតកវប្បធម៌ស្ថិតនៅ ។ ក្នុងន័យនេះ ខ្ញុំក៏ស្នើសុំអាជ្ញាធរក៏ដូចជា ប្រជាពលរដ្ឋនៅ មូលដ្ឋាន ទាំងអស់ ត្រូវចូលរួមទប់ស្កាត់និង បង្ក្រាបឲ្យបានភ្លាមៗនូវរាល់បទល្មើសបំផ្លាញសំណង់បុរាណ និងបុរាណដ្ឋានដែលកំពុង កើតឡើងស្ទើររាល់ថ្ងៃ នៅទូទាំងប្រទេស» ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីបន្ថែមថា ការថែរក្សាការពារតឹកតាង ប្រវត្តិសាស្ត្រនិងវប្បធម៌អាចទទួលបាន ជោគជ័យនិងមាន និរន្តរភាពទៅបាន គឺតម្រូវឲ្យមានការចូលរួមគាំទ្រ និងជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋានទាំងអស់ ពិសេសអាជ្ញាធរ ដែនដីនិងប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ។

ជាមួយគ្នានេះដែរ ទោះបីក្រសួង វប្បធម៌និងវិចិត្រ សិល្បៈបានធ្វើការផ្សព្វផ្សាយ ច្រើនអំពីសារៈសំខាន់ នៃវប្បធម៌និងគោលការណ៍ ច្បាប់ពាក់ព័ន្ធបទល្មើស បុរាណដ្ឋានយ៉ាងណាក្តីលោកស្រី ក៏បានស្នើក្រសួង ធ្វើការងារនេះបន្តទៀតឲ្យបានជាប់លាប់ដូចភ្លៀងរលឹម ពិសេសក្នុង ចំណោមព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ យុវជន និងប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងតំបន់បេតិកភណ្ឌវប្បធម៌ ព្រម ទាំងត្រូវរៀបចំឲ្យមានផែនទីហានិភ័យ នៃសំណង់បុរាណទាំងអស់ ដើម្បីងាយស្រួល គ្រប់គ្រង និងធ្វើអន្តរាគមន៍ឲ្យបានទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់លើសំណង់បុរាណ ដែលមានភាពទ្រុឌទ្រោមខ្លាំង ។

លោកស្រីក៏បានឲ្យ សិក្សាអំពីកាលានុវត្តភាពថ្មីៗ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌កម្ពុជា ដូចជា ឥរិយាបថ របស់ ប្រជាជនខ្មែរលើការថត Pre-Wedding នៅតាមបុរាណដ្ឋានវប្បធម៌ ពិសេសនៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដោយជំរុញនិងសហការជាមួយ វិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយ និងការរៀបចំស្លៀកពាក់ ឲ្យបានសមរម្យនិងត្រឹមត្រូវ តាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ៕

To Top