ព័ត៌មានជាតិ

សម្តេច ស ខេង និងលោកស្រី ម៉ែន សំអន អញ្ជើញបិទសន្និបាត បូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅ ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ។

យោងតាមរបាយ ការណ៍ប្រចាំឆ្នាំ ស្ដីពី ការអនុវត្តការងាររបស់រដ្ឋបាល រាជធានីភ្នំពេញ ឆ្នាំ២០២១ បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលបានចុះបញ្ជី អត្រានុកូលដ្ឋាន គ្រប់ប្រភេទប្រចាំឆ្នាំ២០២១ បានចំនួន ៦០.២៥៤នាក់ ក្នុងនោះ សំបុត្រកំណើត ចំនួន ១៨.៧៨៤នាក់, បញ្ជាក់កំណើត ចំនួន ១៦.២៧៣នាក់, អាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងខ្មែរ ចំនួន ៨.៩៣០គូ រវាងខ្មែរ និងបរទេស ចំនួន ១៥៦គូ និងមរណភាព ចំនួន ៦.៨៩២នាក់ ព្រមទាំងបានចុះបញ្ជីកំណើតជនបរទេស ចំនួន ៧៦នាក់, អាពាហ៍ពិពាហ៍ជនបរទេស ចំនួន ១៧គូ និងមរណភាពជនបរទេស ចំនួន ២៣នាក់។

ដោយឡែក ស្ថិតិប្រជាពលរដ្ឋរាជធានីភ្នំពេញដែលបានចុះបញ្ជីស្នាក់នៅ (ជំរឿនប្រជាជន ឆ្នាំ២០១៩) មានចំនួន ៤៩៩.២៩៩គ្រួសារ, ប្រជាពលរដ្ឋ សរុបចំនួន ២.២៨១.៩៥១នាក់។

របាយការណ៍ដដែល បញ្ជាក់ថា ឆ្នាំ២០២១ ទោះបីជាមានវិបត្តិសកលនៃជំងឺកូវីដ១៩ បានបង្កផល់ប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្តី ក៏ការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់ និងមន្ទីរវិស័នានាបានដំណើរការជាប្រក្រតី និងសម្រេចបានសមិទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ជាពិសេសការបិទបញ្ចប់ព្រឹត្តការណ៍សហគមន៍២០កុម្ភៈឆ្នាំ២០២១កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ៕

To Top