ព័ត៌មានជាតិ

សម្តេចតេជោ លើកទឹកចិត្តនគរបាលជាតិ សមាជិកអាស៊ាន បន្តទប់ស្កាត់ភេរវកម្ម ដើម្បីប្រែក្លាយអាស៊ាន គ្មានភេរវកម្ម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តឲ្យនគរបាលជាតិ នៃសមាជិកអាស៊ានទាំងអស់ បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសទប់ស្កាត់ឲ្យខានតែបាន នូវអំពើភេរវកម្មទាំងឡាយណា ដើម្បីប្រែក្លាយអាស៊ានដោយគ្មានអំពើភេរវកម្ម។

ក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូនគរបាលជាតិ នៃបណ្ដាប្រទេសសមាជិកអាស៊ាន នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោបានស្វាគមន៍ប្រតិភូនគរបាលជាតិ នៃប្រទេសសមាជិកអាស៊ាន និងបានថ្លែងអំណរគុណ ចំពោះប្រតិភូទាំងអស់ ដែលបានអញ្ជើញមកចូលរួម សន្និសីទអាស៊ាន ណាប៉ូលលើកទី៤០ នៅរាជធានីភ្នំពេញនាពេលនេះ ស្របពេលដែលជំងឺកូវីដ១៩ កំពុងតែរាតត្បាត នៅទូទាំងពិភពលោក។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាក៏ជាប្រទេសមួយដែលរង នូវការរាតត្បាតដោយជំងឺកូវីដ១៩ផងដែរ ប៉ុន្តែដោយសារតែការចាក់ស្រោច វ៉ាក់សាំងប្រឆាំងកូវីដ១៩ ទៅដល់ប្រជាពលរដ្ឋ មិនថាតែពលរដ្ឋកម្ពុជាខ្លួនឯងទេ គឺទៅដល់ប្រជាពលរដ្ឋជនបរទេស រស់នៅកម្ពុជាផងដែរ ធ្វើឲ្យកម្ពុជា អាចបើកដំណើរការប្រទេសជាតិឡើងវិញ កាលពីដើមខែវិច្ឆិកាកន្លងទៅ។

ឆ្លៀតឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសំដែងក្តីរីករាយចំពោះ កិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិនៃសមាជិកអាស៊ានដែលអាចទប់ស្កាត់អំពើភេរវកម្មទាន់ពេលវេលា។ ក្នុងន័យនេះ សម្តេចតេជោ បានលើកទឹកចិត្តឲ្យនគរបាលជាតិ នៃសមាជិកអាស៊ានទាំងអស់ បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសទប់ស្កាត់ ឲ្យខានតែបាននូវអំពើភេរវកម្មទាំងឡាយណា ប្រែក្លាយអាស៊ានដោយគ្មានអំពើភេរវកម្ម។

សម្ដេចតេជោ ក៏បានលើកទឹកចិត្តផងដែរឲ្យនគរបាលជាតិ នៃសមាជិកអាស៊ានទាំងអស់ ចែករំលែកបទពិសោធន៍ព័ត៌មាន និងចង់ឲ្យនគរបាលជាតិនៃសមាជិកអាស៊ាន ក្លាយជាឯកអគ្គរដ្ឋទូតដើម្បីពង្រីក ពង្រឹងទំនាក់ទំនង រវាងប្រទេសផង និងពង្រឹងពាណិជ្ជកម្មរវាងប្រទេសអាស៊ាន និងក្នុងតំបន់ផង ។

ជាការឆ្លើយតប ប្រតិភូនគរបាលជាតិនៃសមាជិកអាស៊ាន នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ប្រែក្លាយតំបន់អាស៊ានឲ្យក្លាយទៅជាតំបន់ នៃកិច្ចសហប្រតិបត្តិការ ប្រកបដោយសុខដុមនីយកម្ម ស្ថេរភាព និងសន្តិភាព ៕

To Top