ព័ត៌មានជាតិ

វិស័យហិរញ្ញវត្ថុចំនួន៣ ប្រកាសឲ្យប្រើប្រាស់ ក្រមប្រតិបត្តិ នៃវិស័យធនាគារ និងហិរញ្ញវត្ថុ

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យា នៃកម្ពុជា នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ « ក្រមប្រតិបត្តិ នៃវិស័យធនាគារ និងហិរញ្ញវត្ថុ»។

ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់នេះដែរ ដោយមានការចូលរួមពីសំណាក់ លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិ នៃកម្ពុជា, លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក ប៊ុល រ៉េម៉ីស៊ីសុផន (Rermi Pell) ប្រធានសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា, លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ការដាក់ឲ្យប្រើប្រាស់នូវ «ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ» ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ និងយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ក្នុងគោលបំណងចូលរួម លើកកម្ពស់សិទ្ធិ និងការបង្កើនកិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាព ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ។

ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ នេះ ក៏ចូលរួមទប់ស្កាត់បំណុលលើសលុប និងការពារអតិថិជន ដែលងាយរងគ្រោះផងដែរ ។ បន្ថែមពីលើនេះ ក្រមនេះនឹងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិ នៃ កម្ពុជា ក្នុងការសម្រេចឲ្យបាន នូវប្រព័ន្ធហិរញ្ញវត្ថុមួយមានស្ថិរភាព ប្រសិទ្ធភាព និងពិពិធកម្មទីផ្សារ (Market Diversification) ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ព្រមទាំងឆ្លើយតបទៅនឹង តម្រូវការសេវាហិរញ្ញវត្ថុក្នុងប្រទេស គាំទ្រដល់និរន្តរភាព នៃកំណើនសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល ដល់ប្រជាជន និង កាត់បន្ថយភាពក្រីក្រ។

នាឱកាសនោះដែរ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារ នៅកម្ពុជា បានថ្លែងថា គោលបំណងនៃការបង្កើត ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ នេះឡើង គឺស្របទៅនឹងការរួមចំណែក នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ឲ្យមានភាពរឹងមាំ បរិយាបន្ន ផ្ដោតលើតម្រូវការអ្នកប្រើប្រាស់ និងទំនុកចិត្ត កំណត់បទដ្ឋាន សីលធម៌នៃការប្រកបវិជ្ជាជីវៈ ប្រកបដោយទំនួលខុសត្រូវ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា។

ដោយឡែក លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ នេះបានបង្កើតឡើង នៅក្នុងថេរៈវេលាមួយសមស្រប ដើម្បីធានាបាននូវនិរន្តភាព នៃវិស័យហិរញ្ញវត្ថុកម្ពុជា តាមរយៈការបង្កើននូវការអនុវត្ត ប្រកបទៅដោយក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការបម្រើនិងផ្តល់សេវា ជូនដល់អតិថិជនប្រកបទៅដោយការការពារ។

លោក បន្ដថា វាមិនមែនជាការចៃដន្យឡើយ ក្នុងការបង្កើតនូវ ក្រមប្រតិបត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុនេះ ព្រោះការបង្កើតក្រមនេះឡើង ដោយមានលក្ខណៈជាយុទ្ធសាស្ត្រ និងដោយមានការគិតគូរប្រុងប្រៀបទុកជាមុន និងសមស្របតាមយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥៕

To Top