ព័ត៌មានជាតិ

សម្ដេច ស ខេង ស្នើឥណ្ឌា ពង្រីងប្រតិបត្តិការជាមួយសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ លើជំនាញបច្ចេកវិទ្យាព័ត៌មាន

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឥណ្ឌា ពិនិត្យលទ្ធភាពពង្រឹង និងពង្រីងកិច្ចសហប្រតិបត្តិការ ជាមួយខេត្តព្រៃវែង និងសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ លើជំនាញបច្ចេកវិទ្យាព័ត៌មាន។

នាឱកាសអញ្ជើញទស្សនកិច្ច សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី៧ មីនា សម្ដេច ស ខេង បានថ្លែងថា «សារសំខាន់ នៃសាកលវិទ្យាល័យនេះ បានចូលរួមចំណែកផ្តល់ចំណេះដឹង និងជំនាញដល់សិស្សនិស្សិត នៅក្នុងខេត្តព្រៃវែង និងមកពីតាមបណ្តាខេត្តនានា។ ដើម្បីរួមចំណែកពង្រឹង គុណភាពអប់រំនៅទីនេះ ស្នើភាគីឥណ្ឌាពិនិត្យលទ្ធភាពពង្រឹង និងពង្រីងកិច្ចសហប្រតិបត្តិការ ជាមួយខេត្តព្រៃវែង ជាពិសេស ជាមួយនឹងសាកលវិទ្យាល័យជាស៊ីមកំចាយមារ លើជំនាញបច្ចេកវិទ្យាព័ត៌មាន»។

សម្ដេចបន្ដថា ឥណ្ឌា ជាប្រទេសមានជំនាញសមត្ថភាព ក្នុងវិស័យព័ត៌មានវិទ្យា និងជំនាញកសិកម្ម ដូច្នេះភាគីទាំងពីរអាចបង្កើត កិច្ចសហប្រតិបត្តិការ តាមរយៈការបង្កើតចំណងមេត្រីភាពរវាងខេត្ត និងខេត្ត និងការស្វែងរកសាកលវិទ្យាល័យ សមស្របរបស់ប្រទេសឥណ្ឌា មកធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ។

ឆ្លើយតបនឹងសំណូមពរ សម្ដេច ស ខេង, លោកស្រី Devyani Khobragade បានគាំទ្រ និងឯកភាពចំពោះសារសំខាន់ នៃការបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្ត និងរវាងសាកលវិទ្យាល័យ នៃប្រទេសទាំងពីរ ជាពិសេស លើវិស័យព័ត៌មានវិទ្យា និងកសិកម្ម។ លោកស្រី ក៏បានបង្ហាញបំណង ក្នុងការបង្កើតចំណងមេត្រីភាព ជាមួយខេត្តដទៃទៀត ដូចជា ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពតផងដែរ ៕

To Top