ព័ត៌មានជាតិ

ឃាត់ខ្លួនបុរស ជនជាតិចិនម្នាក់ ពាក់ព័ន្ធការធ្វើទារុណកម្ម និង សម្លាប់ស្ត្រីចិនម្នាក់ នៅខេត្តព្រះសីហនុ រួចគេខ្លួន មកភ្នំពេញ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ សហការជាមួយ សមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ ក្រោមការសម្របសម្រួល នីតិវិធីច្បាប់ អំពីតំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ជាប់ពាក់ព័ន្ធ អំពីឃាតកម្ម ដោយវាយធ្វើទារុណកម្ម និង រឹតក សម្លាប់ស្រ្តីជនជាតិចិនម្នាក់ ប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅ ក្នុងបន្ទប់ជួលមួយកន្លែងជាន់ទី១ ស្ថិត តាមបណ្តោយផ្លូវលេខ១០២ ក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ LI XIAO JIANG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ។

ចំណែកឯ ស្រ្តីរងគ្រោះមានឈ្មោះ LOU ZHIJIN ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិចិន ជាបុគ្គលិកកាស៊ីណូ។

ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នៅចំណុចសណ្ឋាគារ ម៉ាន់ស៊ីគ័ង ស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលដកហូតបាន៖ លិខិតឆ្លងដែនលេខ EG 9171185 និង អាវុធខ្លី មួយដើម ម៉ាក BERETTA (ប្រើហ្គាស), ប្រាក់ដុល្លារ ក្លែងក្លាយ ( លុយខ្មោច) ១ដុំ និងទូរស័ព្ទ ១គ្រឿង។

បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានសមត្តកិច្ចនគរបាល ព្រហ្មទណ្ឌប្រគល់ទៅ មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមច្បាប់ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ: លីហ្សា

To Top