ព័ត៌មានជាតិ

តំណាងអចិន្ត្រៃយ៍កម្ពុជា៖ អាមេរិក ពូកែទូន្មានគេ កំពុងជួបបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្ស

ភ្នំពេញ៖ លោក អាន សុខខឿន តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា អាមេរិក ពូកែទូន្មានគេនេះ បាននិងកំពុងជួបប្រទះជាច្រើនឆ្នាំមកហើយ នូវបញ្ហាប្រឈមជាប្រព័ន្ធ ក្នុងផ្នែកសិទ្ធិមនុស្ស រួមទាំង ស្តង់ដារពីរ និងការលាក់ពុតត្បុត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ។

ក្នុងបទអន្ដរាគមន៍ ក្នុងសិទ្ធិឆ្លើយតបទៅកាន់គណៈប្រតិភូអាមេរិក នាសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅក្នុងកិច្ចពិភាក្សាទូទៅ លើរបៀបវារៈទី២ នាពេលថ្មីៗនេះ លោក អាន សុខខឿន បានថ្លែងថា ប្រការដែលសហរដ្ឋអាមេរិកយកបញ្ហាសិទ្ធិមនុស្ស មកប្រើជាអាវុធវាយប្រហារ ដើម្បីបម្រើរបៀបវារៈនយោបាយ ត្រូវបានគណៈប្រតិភូជាច្រើននៅក្នុង ក្រុមប្រឹក្សាសិទ្ធិមនុស្សដ៏ឧត្តុង្គឧត្តមនេះ បានដឹងឮយ៉ាងច្បាស់។

លោក បញ្ជាក់ថា «ការតស៊ូមតិដើម្បីសិទ្ធិមនុស្ស ចាំបាច់ត្រូវតែចាប់ផ្តើមពី ប្រទេសខ្លួនឯងជាមុនសិន។ គួរឲ្យសោកស្តាយ ប្រទេសដែលពូកែទូន្មានគេនេះ បាននិងកំពុងជួបប្រទះជាច្រើនឆ្នាំមកហើយ នូវបញ្ហាប្រឈមជាប្រព័ន្ធក្នុងផ្នែកសិទ្ធិមនុស្ស រួមទាំង ស្តង់ដារពីរ និងការលាក់ពុតត្បុត»។

លោក បន្ថែមថា នៅឆ្នាំ២០២១ មនុស្សជាង៧០០ នាក់ ដែលបានបញ្ចេញមតិផ្ទុយ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទល្មើស បន្ទាប់ពីបានសម្រុកចូលវិមានសភា។ ក្នុងឆ្នាំដដែលនោះ អ្នកកាសែតជាង៥០នាក់ ត្រូវបានចាប់ខ្លួន និងឃុំខ្លួន នៅទូទាំងសហរដ្ឋអាមេរិក។ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អតីតប្រធានាធិបតី ដែលមានទស្សនៈផ្ទុយ ក៏ត្រូវបានគេហាមឃាត់។ បញ្ជីនៃបញ្ហាសិទ្ធិមនុស្សនេះ នៅមិនទាន់អស់នៅឡើយ។

លើសពីនេះ តំណាងអចិន្ត្រៃយ៍កម្ពុជា ក៏ទទូចឲ្យគណៈប្រតិភូសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះ ការអំពាវនាវរបស់ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានសង្កត់ធ្ងន់នាពេលកន្លងមកថា «សិទ្ធិមនុស្សមិនត្រូវប្រើជា អាវុធវាយប្រហារប្រទេសដទៃ ដោយស្តង់ដារពីរទ្បើយ» ប្រសិនបើចង់រក្សាបាននូវសុច្ចរិតភាព និងភាពជឿជាក់ខ្ពស់បំផុត របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ៕

To Top