ភ្នំពេញ ៖ លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ១៤ មីនានេះ បានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការ នូវប៉ុស្តិ៍យាម ឬប៉មយាមឆ្មាំឆ្នេរសមុទ្រ នៅតាមបណ្តោយឆ្នេរសមុទ្រ ក្នុងក្រុងព្រះសីហនុ ចំនួន១២ប៉ម។

លោកក៏បានណែនាំ ដល់ឆ្មាំឆ្នេរសមុទ្រ ត្រូវប្រើប្រាសប៉ម ឲ្យបានត្រឹមត្រូវ ដោយត្រូវមានកញ្ចែ មេក្រូ និងសម្ភារៈមួយចំនួនទៀត ដើម្បីផ្តល់ព័ត៌មាន និងជួយសង្គ្រោះ ដល់អ្នកទេសចរ មកលេងទឹក ក្នុងករណីមានឧប្បត្តិហេតុ ចៃដន្យណាមួយ។
អភិបាលខេត្ត ក៏បានណែនាំដល់ មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន និងបុគ្គលិកសម្អាត ត្រូវរួមគ្នា សម្អាតតាមតំបន់ឆ្នេរ និងអំពាវនាវ ចំពោះប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ត្រូវ ចូលរួមថែរក្សា អនាម័យ បរិស្ថាននៅតាមបណ្តោយឆ្នេរ និងនៅតាម ទីសាធារណៈដោយដាក់ធុងសំរាម និងស្នើក្រុមហ៊ុន ដឹកជញ្ជូនសំរាម ត្រូវបង្កើន ការប្រមូល សំរាមនៅថ្ងៃសៅរ៍ អាទិត្យ និង ពិធីបុណ្យផ្សេងៗ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការដោះស្រាយការកកស្ទះសំរាម នៅក្នុងក្រុង ពិសេសត្រៀម ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុខ ធ្វើយ៉ាងណាឲ្យឆ្នេរមានភាពស្អាត និងចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

លោក គួច ចំរើន បានមានប្រសាសន៍ថា ប៉ុស្តិ៍យាមនេះ គឺអំណោយរបស់អ្នកឧកញ៉ា ទ្រី ភាព សម្រាប់ជាចំណងដៃ ជូនរដ្ឋបាលខេត្ត ប្រើប្រាស់ ជាសម្បត្តិរួមទាំងអស់គ្នា។

បើតាមលោកអភិបាលខេត្ត ក្រោយកិច្ចខិតខំប្រឹងប្រែង របស់អ្នកពាក់ព័ន្ធបានធ្វើឲ្យឆ្នេរនេះ ក្លាយជាលំហរសាធារណៈ មានជាង១៦គីឡូម៉ែត្រ និងពយជាង ៤គីឡូម៉ែត្រ ៕
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									