ព័ត៌មានជាតិ

អ្នកសេដ្ឋកិច្ច៖ តម្លៃប្រេងនៅកម្ពុជា អាចនឹងនៅទ្រឹង ឬប្រែប្រួលបន្តិច ធៀប២សប្តាហ៍មុន (Video)

ភ្នំពេញ៖ ឃើញថាតម្លៃប្រេង នៅលើសកលលោក កំពុងឡើងថ្លៃខ្លាំងដែលពុំធ្លាប់មាន ដោយសារតែការកើតមានជម្លោះ រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលជាប្រភពនាំចេញប្រេងដ៏ធំមួយ នៅលើពិភពលោក ដោយឡែកសម្រាប់កម្ពុជា ក៏មិនខុសគ្នាដែរ ក៏ទទួលរងឥទ្ធិពលពីការឡើងថ្លៃប្រេងនេះ ស្របពេលជំងឺកូវដី១៩ ក៏កំពុងវៃលុកឥតស្រាក់ស្រាន្តនៅឡើយ ដោយបច្ចុប្បន្នតម្លៃប្រេងសាំងនៅកម្ពុជា ឡើងដល់ជាង៥ពាន់រៀល ខណៈការឡើងថ្លៃនេះ មានរយៈពេល២សប្តាហ៍មកហើយ ។

ជុំវិញការឡើងថ្លៃនេះ កំពុងក្លាយជាគោដៅជជែកវែកញែក ពីគ្រប់មជ្ឈដ្ឋានទូទៅ សម្រាប់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ។ បើទោះជាយ៉ាងនេះក្តី នៅថ្ងៃ១៤ មីនា ក៏មានព័ត៌មានអំពីការធ្លាក់ចុះមកវិញ នូវតម្លៃប្រេងសាំង នៅលើទីផ្សារអន្តរជាតិផងដែរ តែបើទោះបីជាមានការធ្លាក់ចុះក៏ពិតមែន ក៏អ្នកជំនាញផ្នែកសេដ្ឋកិច្ចមួយរូប យល់ឃើញថា សម្រាប់តម្លៃនៅកម្ពុជា នឹងមិនអាចធ្លាក់ថ្លៃភ្លាមៗ តាមទីផ្សារអន្តរជាតិបានដែរ ដោយអ្នកជំនាញរូបនេះ អះអាងថា យ៉ាងហោចណាស់ ក៏ត្រូវរងចាំ១សប្តាហ៍ទៀតដែរ ។

ក្នុងបទសម្ភាសន៍ ជាមួយមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ លោក ឆេង គីមឡុង អ្នកវិភាគសេដ្ឋកិច្ចវ័យក្មេង បានលើកឡើងថា “ប្រេងសាំង ប្រេងឥន្ទនៈ និងឧស្ម័នទូទៅនៅកម្ពុជា នឹងមិនទាន់ចុះថ្លៃ ភ្លាមដូចតម្លៃនៅលើអន្តរជាតិបានទេ ។ ជាទូទៅយើងឃើញថា តម្លៃប្រេងគឺផ្អែកទៅលើ តម្លៃប្រេងដែលឈ្មួញ ដែលពាណិជ្ជករនាំចូល ទិញក្នុងអតីតកាល មានន័យថា បើសិនជាគាត់បញ្ជាទិញ កាលពីប្រេងសាំងឡើងថ្លៃ ក្នុងរយៈពេល ១សប្តាហ៍មុន គឺគាត់ផ្អែកទៅលើតារាងថ្លៃទំនិញ ។ ដូច្នេះវាត្រូវការពេលប្រហែលជា ៣ថ្ងៃយ៉ាងតិច ទៅ៥ថ្ងៃ ឬ១សប្តាហ៍ ដើម្បីឲ្យឃើញតម្លៃប្រេងសាំងនៅកម្ពុជា មាននៅតម្លៃថេរ និងធ្លាក់ចុះ ទៅតាមតម្លៃនៅលើទីផ្សារអន្តរជាតិ ដូចដែលយើងធ្លាប់ឃើញកន្លងមក” ។

ជុំវិញការឡើងឡើងថ្លៃនេះដែរ អ្នកជំនាញខាងសេដ្ឋកិច្ច និងក្នុងនាមជាអ្នកវិភាគមួយរូបនេះ បានយល់ឃើញទៀតថា អ្វីដែលជាផលប៉ះពាល់ទ្វេដង គឺទាំងតម្លៃប្រេងសាំងឡើងថ្លៃ និងជំងឺកូវីដ១៩ ដែលរាលត្បាតលើពិភពលោក ជាង២ឆ្នាំកន្លងមក បង្កជាវិបត្តិសកលជារួម ទាក់ទងនឹងផ្នែកសេដ្ឋកិច្ច ទាក់ទងផ្នែកសុខុមាភាពសង្គមទូទៅ ក៏ដូចជាទាក់ទងទៅនឹងផ្នែកការងារ និងការរីកចម្រើនអាជីវកម្មខ្នាតតូចដល់ ធំ និងខ្សែចង្វាក់ផលិតកម្ម ។

លោកថា មួយផ្នែកទៀត នៅពេលតម្លៃប្រេងឡើងថ្លៃជាសកល បង្កឡើងដោយជម្លោះ រវាងរុស្ស៊ី និងអ៊ុយក្រែន ធ្វើឲ្យការផ្គត់ផ្គង់ប្រេង នៅលើទីផ្សារអន្តរជាតិ រុញច្រាននូវតម្លៃប្រេងសាំង និងឥន្ទនៈទូទៅ វាបង្កជាការគម្រាមគំហែងមួយ ប៉ះពាល់ទៅដល់ សុខមាភាពផ្នែកសេដ្ឋកិច្ច ជាពិសេសដល់ប្រជាជន ដែលមានកម្រិតចំណូលថេរ ហើយមានកម្រិតចំណូលទាប ។ អ្វីដែលឃើញ ជាការព្រួយបារម្ភ គឺផលប៉ះពាល់ទៅដល់បណ្តា ប្រជាជន ដែលមានកម្រិតចំណូលទាប កម្រិតចំណូលប្រចាំថេរ មិនប្រែប្រួល ។

បើទោះបីជាមិនអាចដឹងមុន ឬបញ្ជាក់ច្បាស់ៗពីពេលវេលា និងតម្លៃប្រេងអាចឡើងខ្ពស់ ដល់កម្រិតណាក៏ពិតមែន ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ចនេះ នៅតែអាចសន្និដ្ឋានបានថា អាចនឹងមានការប្រែប្រួល ឬកំពុងនឹងមានការប្រែប្រួលរួចហើយ នៅក្នុងប្រព័ន្ធនៃការផ្គត់ផ្គង់ និងចែកចាយ ប្រេងសាំង និងឥន្ទនៈនៅលើពិភពលោក ដោយបណ្តាប្រទេស OPEC ដែលជាប្រទេសផលិត និងផ្គត់ផ្គង់ប្រេង នៅលើអន្តរជាតិ ។ សហរដ្ឋអាមេរិក និងប្រទេសនៅអឺរ៉ុបមួយចំនួនបានបែរទៅរកទិញប្រេងសាំង ប្រេងឥន្ទនៈ ជំនួសប្រេង ដែលផ្គត់ផ្គង់មកពីរុស្ស៊ីនេះ នៅបណ្តាប្រទេសមួយចំនួន នៅក្នុងសហគមអឺរ៉ុបខ្លួនឯង ឬក៏រកប្រភពផ្សេងទៀត ឬក៏ធ្វើកិច្ចសន្យា ក្នុងការបញ្ជាទិញនូវចំនួនច្រើន ជំនួសប្រេងដែលមកពីរុស្ស៊ី ដែលកត្តានេះ ធ្វើអោយតម្លៃប្រេង មិនហោះឡើងខ្លាំង ដូចការរំពឹងទុក ។

សម្រាប់តម្លៃប្រេងនៅប្រទេសកម្ពុជា ត្រូវបានលោក គីមឡុង មានប្រសាសន៍ថា “ជាការគិតរបស់ខ្ញុំ យល់ឃើញថា តម្លៃប្រេង អាចនឹងទ្រឹងបន្តិច អាចនឹងឡើងថ្លៃ ប្រែប្រួលក្នុងកម្រិតតិចជាង ដែលយើងឃើញកាលពី ពីរសប្តាហ៍មុន” ។

គួរឲ្យដឹងផងដែរថា យោងតាមការចេញផ្សាយរបស់ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមេសា បានធ្លាក់ចុះ ៦,៣២ ដុល្លារអាមេរិក ឬ ៥,៨ភាគរយមកនៅត្រឹម ១០៣,០១ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន New York Mercantile Exchange។ ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយ នៅខែឧសភា បានធ្លាក់ចុះ ៥,៧៧ដុល្លារ ឬ ៥,១ ភាគរយ មកបិទនៅតម្លៃ ១០៦,៩០ដុល្លារ ក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange៕

To Top