កុមារតូចៗនៅកម្ពុជា អាយុចាប់ពី៣ឆ្នាំឡើងទៅ បាននិងកំពុងទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដែលផលិត និងផ្តល់ដោយប្រទេសចិន។ វ៉ាក់សាំង ស៊ីណូវ៉ាក់ បានជួយសង្គ្រោះជីវិតកុមារកម្ពុជា ទាន់ពេលវេលាពីវីរុសកូវីដ១៩ បំប្លែងថ្មី អូមីក្រុង ព្រោះថា ចាប់តាំងពីមានការចាប់ផ្តើម ចាក់វ៉ាក់សាំងដល់កុមារតូចៗមក អត្រាឆ្លងលើក្រុមវ័យទាំងនេះ មានការធ្លាក់ចុះច្រើន ហើយបើទោះបីជាឆ្លង ក៏ជាអាការៈស្រាលៗដែរ ពុំមានការធ្វើទុក្ខខ្លាំងទេ នេះបើតាមមន្ត្រីសុខាភិបាលកម្ពុជា។

លោក វេជ្ជបណ្ឌិត ឌី ប៊ុនលន ប្រធានក្រុមចាក់វ៉ាក់សាំងកូវីដ នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានមានប្រសាសន៍ ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនទៀតថា ជារៀងរាល់ថ្ងៃ កុមារតូចៗអាយុចាប់ពី៣ឆ្នាំឡើង ប្រមាណជាង២០០នាក់ បានទៅទទួលការចាក់វ៉ាក់សាំង នៅក្នុងមន្ទីរពេទ្យមួយនេះ។
ក្នុងនាមជាមន្ត្រីសុខាភិបាល លោកសូមកោតសរសើរ និងអរគុណជាពិសេស ដល់រដ្ឋាភិបាលចិន ដែលបានផ្តល់វ៉ាក់សាំង ជួយសង្គ្រោះកុមារកម្ពុជា ទាន់ពេលវេលា ជាពិសេស កុមារតូចៗ ពីការវាយលុក នៃប្រភេទកូវីដ១៩ បំប្លែងថ្មី អូមីក្រុង។
លោកក៏សូមអំពាវនាវ ដល់មាតាបិតា នាំកូនៗទៅទទួលការចាក់វ៉ាក់សាំង នៅទីនោះ កាន់តែច្រើនបន្ថែមទៀត ដោយមន្ទីរពេទ្យចាប់ផ្តើម ដំណើរការចាក់ ចាប់ពីម៉ោង៨ព្រឹក រៀងរាល់ថ្ងៃ ហើយសម្រាប់កុមារ វ័យចាប់ពី៣ឆ្នាំឡើងទៅ សូមភ្ជាប់ជាមួយនឹងឯកសារ សំបុត្រកំណើត។ មន្ទីរពេទ្យក៏ចាក់ដូសជំរុញទី៣ ជូនកុមារ ចាប់ពី៥ឆ្នាំឡើងទៅផងដែរ។

អំឡុងពេលនាំកូនស្រី វ័យជាង៤ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងនៅទីនោះដែរ លោកស្រី ភី ជាស្ត្រីមេផ្ទះបានមានប្រសាសន៍ ថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ក៏ដូចជា ភាគីចិន ដែលបានផ្តល់វ៉ាក់សាំងទាន់ពេលវេលា សម្រាប់កុមារតូចៗ។ លោកស្រីថា វ៉ាក់សាំងនេះ គឺមានអត្ថប្រយោជន៍ណាស់ ដើម្បីការពារសុខភាពផង និង ដើម្បីឲ្យកុមារតូចៗ មានទំនុកចិត្តច្រើនសម្រាប់ការចូលរៀន នៅសាលាផង។
រីឯ លោក រិទ្ធ ពេជ្រម៉េងឡុង ជាបុគ្គលិកធនាគារម្នាក់ ដែលបាននាំកូនប្រុស អាយុ ៥ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងដែរនោះ បានបង្ហាញពីការដឹងគុណ ចំពោះភាគីចិន ដែលជួយដល់កម្ពុជាច្រើន ជាពិសេស វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ។ លោកបន្តថា វ៉ាក់សាំងចិន ពិតបានជួយកុមារកម្ពុជា ទាន់ពេលវេលា ហើយលោកជឿជាក់ លើប្រសិទ្ធភាព និងគុណភាពវ៉ាក់សាំងស៊ីណូវ៉ាក់ចិននេះ ទាំងរូបលោក និងកូនៗរបស់លោកសុទ្ធតែ ចាក់វ៉ាក់សាំងចិន ពុំមានផលប៉ះពាល់អ្វីទេ តែមានប្រសិទ្ធិភាពល្អ។
នៅក្នុងពិធីសម្ពោធ គម្រោងពង្រីកផ្លូវជាតិលេខ៣ ក្រោមជំនួយរបស់ចិន ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បង្ហាញ ពីមោទនភាពអត្រា នៃការចាក់វ៉ាក់សាំងកូវីដ របស់កុមារ ដែលមានអាយុ ៣ទៅក្រោម៥ឆ្នាំ ដែលមានអត្រាខ្ពស់ បើទោះបីជាទើបតែអនុញ្ញាត ឲ្យចាក់វ៉ាក់សាំងលើក្រុមវ័យនេះ កាលពីថ្ងៃទី២៣ កុម្ភៈ ក៏ដោយ។ សម្តេចបន្តថា នៅឆមាសទី១ នៃឆ្នាំ២០២២នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំង ៨លានដូស បន្ថែមទៀត។ បើទោះបីជាសម្តេច ពុំបានបញ្ជាក់លម្អិត ពីប្រភេទវ៉ាក់សាំងក៏ដោយ វ៉ាក់សាំងទាំង៨លានដូសនេះ ត្រូវបានគេដឹងថា គឺជាវ៉ាក់សាំងបន្តនាំយកពីប្រទេសចិន ដោយមានទាំងជាការបញ្ជាទិញ និងជំនួយឥតសំណង។
កម្ពុជា កំណត់គោលដៅចាក់វ៉ាក់សាំង លើកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ជាង៦១ម៉ឺននាក់ ក្នុងនោះដែរ គិតត្រឹមយប់ថ្ងៃទី៣ មីនា ២០២២ មានជាង២០ម៉ឺននាក់ ហើយដែលបានចាក់ ឬស្មើនឹង ៣២,៨២% នេះបើតាមក្រសួងសុខាភិបាលកម្ពុជា៕ (វិទ្យុមិត្តភាពកម្ពុជា-ចិន)


