Covid-19

ក្រសួងសុខាភិបាល លុបចោលការធ្វើតេស្តរហ័ស លើជនបរទេស ពេលមកដល់កម្ពុជា

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសកែសម្រួលលក្ខខណ្ឌមួយចំនួន ចំពោះអ្នកដំណើរមកពីបរទេស ពេលមកដល់ប្រទេសកម្ពុជា។

ការប្រកាសនេះ យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឲ្យដឹងថា លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរ​ មកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា, លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជា, អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរ តាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

លោក បន្ដថា ទោះបីមានការលុបចោលលក្ខខណ្ឌ តម្រូវដូចមានចែងក្នុងចំណុចទី១ និងទី២ខាងលើនេះក៏ដោយ ក្រសួងសុខាភិបាល សូមលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីធ្វើតេស្តរហ័សដោយខ្លួនឯង។ ជាមួយគ្នានេះអ្នកដំណើរទាំងអស់ ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា។

លោក បញ្ជាក់ថា ចំពោះអ្នកដំណើរ ដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយ ក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច៕

To Top