នយោបាយ

នាយករដ្ឋមន្ត្រីជប៉ុន វាយតម្លៃខ្ពស់ ជុំវិញបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ៖ ជុំវិញកិច្ចសហប្រតិបត្តិការ ផ្នែកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន និងសម្តេចតេជោ វាយតម្លៃខ្ពស់ ចំពោះការផ្លាស់ប្តូរទស្សនៈគ្នា ត្រង់ទៅត្រង់មករវាងប្រទេសទាំងពីរ ។

ក្នុងសេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ក្រោយដំណើរទស្សនកិច្ច លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្រ្តីជប៉ុន មកកាន់កម្ពុជា នៅថ្ងៃទី២០មីនានេះ នាយករដ្ឋមន្ត្រីទាំងពីរ បានរំលឹកថា ខែតុលា ឆ្នាំ២០២១ ជាខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ស្តីពីកម្ពុជា ហើយបានកោតសរសើរថា កម្ពុជាសម្រេចបាន នូវការអភិវឌ្ឍនាពេលបច្ចុប្បន្ន ដោយការខិតខំប្រឹងប្រែងដ៏ធំធេង របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដោយមានកិច្ចសហប្រតិបត្តិការ ជាមួយសហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុនផងដែរ ។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានលើកឡើង ជុំវិញកិច្ចសហប្រតិបត្តិការ ផ្នែកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ដោយនាយករដ្ឋមន្ត្រីទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះការផ្លាស់ប្តូរទស្សនៈគ្នា ត្រង់ទៅត្រង់មក រវាងប្រទេសទាំងពីរ លើបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដោយផ្អែកលើការជឿទុកចិត្តគ្នា ទៅវិញទៅមក។

លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រី គីស៊ីដា បានបង្ហាញចេតនាគាំទ្រ ដល់ការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដូចជាការរៀបចំ ការបោះឆ្នោតតាមវិធីមួយ ដែលឆ្លុះបញ្ចាំងពីសំឡេងចម្រុះ ពីប្រជាជនកម្ពុជា តាមរយៈគម្រោងនានា រួមមានការលើកកម្ពស់ កិច្ចសន្ទនារវាងរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល ការពង្រឹងអភិបាលកិច្ច តាមរយៈការចូលរួម របស់ប្រជាពលរដ្ឋ និងជំនួយបច្ចេកទេសផ្នែកច្បាប់ ។

ក្នុងនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ ចំពោះការខិតខំរបស់ប្រទេសជប៉ុន ក្នុងនាមជាប្រទេសសម្របសម្រួលការតាក់តែង សេចក្តីសម្រេចចិត្ត ស្តីពីសេវាប្រឹក្សា និងជំនួយបច្ចេកទេស សម្រាប់កម្ពុជា នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស៕

To Top