ព័ត៌មានជាតិ

គ.ប.ផ.ក និងសមាគមសហព័ន្ធ​ វិនិយោគិនកម្ពុជា រួមគ្នាផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង​ ប្រយុទ្ធប្រឆាំង នឹងផលិតផលក្លែងក្លាយ ដែលចរាចរលើទីផ្សារកម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំង​ ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) និងសមាគមសហព័ន្ធ វិនិយោគិនកម្ពុជា ដែលមានលោកបណ្ឌិត ឡី សុភាព ជាប្រធាន បានរួមគ្នាផ្សាព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងបន្ថែមទៀត ដល់ម្ចាស់ផលិតផល ម៉ាក់សញ្ញា និងម្ចាស់អាជីវកម្មគ្រប់ប្រភេទ ដែលជាសមាជិក​ សមាជិកា នៃសមាគមសហព័ន្ធ​​ វិនិយោគិនកម្ពុជា ។

​លោក សោម ច័ន្ទឌីណា ប្រធានក្រុមការងារ សម្របសម្រួលផ្នែកច្បាប់ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង​ ផលិតផលក្លែងក្លាយ តំណាងលោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានលើកឡើងថា “គ.ប.ផ.ក និងសមាគមសហព័ន្ធ​ វិនិយោគិនកម្ពុជា បានចុះអនុសារណយោគយល់គ្នា កាលពីឆ្នាំ២០២០ ដោយផ្តោតជាសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលកំពុងចរាចរ យ៉ាងគគ្រឹក​គគ្រែងលើទីផ្សារ​ ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក្រៅពីការចែករំលែកព័ត៌មាន​ អោយគ្នាទៅវិញទៅមក ក៏រួមបញ្ចូលទាំងការងារផ្សព្វផ្សាយអប់រំ និងបណ្តុះបណ្តាល ដែលយើងកំពុងរៀបចំធ្វើឡើង ក្នុងសិក្ខាសាលានេះ” ។

លោក សោម ច័ន្ទឌីណា​ បន្តថា “អ្វីដែល គ.ប.ផ.ក និងសមាគមសហព័ន្ធ វិនិយោគិនកម្ពុជា ធ្វើការរួមគ្នានោះ គោលបំណងរបស់យើង គឺយើងធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងផលិតផលក្លែងក្លាយ ដោយមានកំណើន​ នៃការនាំចូល ការផលិត និងការចែកចាយ ផលិតផលឱសថ គ្រឿងសំអាង ដែលក្លែងក្លាយ នាំចូលគ្មានការអនុញ្ញាតិ រំលោភលើកម្មសិទ្ធិបញ្ញា រំលោភលើសិទ្ធិនាំចូលផ្តាច់មុខ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ដែលកិច្ចសហប្រតិបត្តិការនេះ អាចនាំមកនូវប្រយោជន៍​ ឲ្យគ្នាទៅវិញទៅមក ​ដើម្បីអាចឲ្យ គ.ប.ផ.ក ប្រមែលប្រមូល នូវរាល់ព័ត៌មាន ពីម្ចាស់អាជីវកម្មនានា ដែលជាសមាជិក សមាជិកា នៃសមាគម និងសមាជិកសមាជិកាទាំងនោះវិញ អាចទទួលបាន​ការផ្តល់ទំនុកចិត្ត និងទទួលបានការការពារសិទ្ធិ មកវិញផងដែរ ។

ជាមួយគ្នានោះ លោកបណ្ឌិតឡី សុភាព ប្រធានសមាគមសហព័ន្ធ វិនិយោគិនកម្ពុជា បានលើកឡើង​ថា “ជាការពិតណាស់ ការចាប់ផ្តើមនិរន្តភាព សេដ្ឋកិច្ចជាតិ ដែលអាចដំណើរការបាន គឺទៅលើទំនិញ ដើម្បីឲ្យនិរន្តភាពដល់អ្នកប្រើប្រាស់ និងអ្នកផ្គត់ផ្គង់ នោះគឺជារឿងចាំបាច់ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់ ទៅលើសុខមាភាពរបស់ប្រជាពលរដ្ឋ”។

លោកបណ្ឌិតឡី សុភាព បានឲ្យដឹងទៀតថា តាមអនុសាសន៍ថ្នាក់ដឹកនាំជាន់ខ្ពស់ ការផ្សព្វផ្សាយ និងបញ្ជ្រាប់ការយល់ដឹងនេះ គួរតែត្រូវបានធ្វើឡើង ទៅដល់គ្រប់អ្នកចែកចាយ និងអ្នកផ្គត់ផ្គង់ ទូទាំងរាជធានីខេត្តទាំងអស់ មិនចំពោះតែសមាជិក សមាជិកា​ នៃសមាគមសហព័ន្ធ វិនិយោគិនកម្ពុជានោះទេ ។

ប្រធានសមាគមសហព័ន្ធ វិនិយោគិនកម្ពុជា ក៏បានធ្វើការអំពាវនាវ ទៅដល់អ្នកនាំចូល និងចែកចាយទំនិញទាំងអស់ អ្នកផ្គត់ផ្គង់ទំ​និញទាំងអស់ ព្រមទាំងប្រើប្រាស់ទាំងអស់ សូមចាប់ផ្តើមធ្វើការផ្ទៀងផ្ទាត់ និងការចុះបញ្ជីផលិតផល ឲ្យបានត្រឹមត្រូវ ។ ក្នុងនោះដែរ​ សមាគមសហព័ន្ធ វិនិយោគិនកម្ពុជា ក៏អាចជួយផ្តល់នូវ​ឯកសារ និងតម្រង់ទិសក្នុងការស្នើសុំការចុះបញ្ជី ដោយអាចសម្រួល ដល់កិច្ចការងារនេះ បានលឿននិងរហ័សថែមទៀតផង។

សូមបញ្ជាក់ថា ដោយមើលឃើញពីភាពចាំបាច់ ទើប គ.ប.ផ.ក និងសមាគមសហព័ន្ធវិនិយោគិនកម្ពុជា រៀបចំសិក្ខាសាលា ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីអំពី “ហានិភ័យនៃការនាំចូល ស្តុកទុក និងចែកចាយផលិតផលក្លែងក្លាយ ខូចគុណភាព មិនអនុលោមតាមច្បាប់” នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះឡើង នាការិយាល័យសមាគមសហព័ន្ធ​​ វិនិយោគិនកម្ពុជា ដោយបានធ្វើបទបងញ្ហាស្តីអំពី ផលប៉ះពាល់នៃការប្រើប្រាស់ ឱសថក្លែងក្លាយ ឱសថអត់គុណភាព ចំពោះអ្នកប្រើប្រាស់ អ្នកលក់ ចែកចាយ និងអ្នកផលិត, បទបង្ហាញស្តីពី ការស្វែងយល់ពីលក្ខខណ្ឌច្បាប់ ដើម្បីទទួលបានការ ការពារផ្នែកកម្មសិទ្ធិបញ្ញា, បទបង្ហាញស្តីពី ការប្រមូលព័ត៌មានស៊ើបង្កេត និងនិតិវិធីទៅតុលាការ និងបទបញ្ហាស្តីពី បទល្មើសកម្មសិទ្ធិបញ្ញា ពាក់ព័ន្ធនឹងការនាំចូល ផលិត រក្សាទុក លក់ ចែកចាយ ផលិតផលក្លែងក្លាយ និងផ្តល់ឱកាសឲ្យសិក្ខាមទាំងអស់ អាចសួរនិងលើកឡើង នូវបញ្ហាកំពុងជួបប្រទះផងដែរ៕

To Top