ភ្នំពេញ៖ ដំណើរទស្សនកិច្ចការងារ ទៅកាន់មីយ៉ាន់ម៉ា ក្នុងថ្ងៃដំបូងពោរគឺថ្ងៃទី២១ មីនា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានជួបជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងរដ្ឋមមន្ត្រីសំខាន់ៗចំនួន ៣រូបទៀត ។
យោងតាមហ្វេសប៊ុក ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ មីនា ក្នុងឱកាសបំពេញទស្សនកិច្ច ការងារនៅមីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលជួបសាវនាការជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោងឡាំង ។
![](https://dap-news.com/wp-content/uploads/2022/03/277079818_331491842340437_1584125262532772558_n-1024x683.jpg)
ក្នុងជំនួបនោះភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន ក្រោយពីដំណើរទស្សនកិច្ច របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមករា ឆ្នាំនេះ ។
បន្តមកទៀត នៅថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជួបជាមួយលោក វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេស, លោក កូ កូ ឡាំង រដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារស្តីពី ជំនួយមនុស្សធម៌អាស៊ាន និងលោកឧត្តមសេនីយ៍ យ៉ា ព្យេ រដ្ឋមន្ត្រីការិយាល័យ រដ្ឋាភិបាលសហព័ន្ធ និងជាប្រធានគណៈកម្មាធិការ សាមគ្គីភាពជាតិ និងកសាងសន្តិភាព ។
![](https://dap-news.com/wp-content/uploads/2022/03/276298814_331883308967957_724055496629415487_n-1024x683.jpg)
សូមរំលឹកថា ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅមីយ៉ាន់ម៉ា ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២ ។ ដំណើរទស្សនកិច្ចលើកដំបូងនេះ មានគោលបំណងដើម្បី បង្កើតលក្ខខណ្ឌអំណោយផលឈានទៅដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ធ្មត់ឲ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់, ការចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រ និងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ និងលើកទឹកចិត្តឲ្យមានកិច្ចពិគ្រោះយោបល់/កិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធ ៕
![](https://dap-news.com/wp-content/uploads/2022/03/276276652_331883392301282_6545554712805377909_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2022/03/276312672_331883292301292_5349052394539363475_n-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)