ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសុខាភិបាល ណែនាំអាជ្ញាធរ ធ្វើជំរឿនអ្នកមិនទាន់ ចាក់វ៉ាក់សាំង ឬមិនទាន់ចាក់ដូសទី៣

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការ អន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានណែនាំរដ្ឋបាល ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន ធ្វើជំរឿនអ្នកមិនទាន់ ចាក់វ៉ាក់សាំង ឬមិនទាន់ចាក់ដូសទី៣ ហើយកៀងគរ ប្រជាពលរដ្ឋមកទទួលវ៉ាក់សាំង តាមកាលកំណត់ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោក ម៉ម ប៊ុនហេង បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តការអប់រំសុខភាព ជាពិសេសការការពារការចម្លងវីរុសកូវីដ-១៩ និងការនាំគ្នាទៅចាក់វ៉ាក់សាំងកូរ៉ដ-១៩ ឲ្យបានគ្រប់ៗគ្នា និងឲ្យបានជាប់ជាប្រចាំ។

លោករដ្ឋមន្ដ្រីបញ្ជាក់ថា «អាជ្ញាធរ ធ្វើជំរឿនអ្នកដែលមិនទាន់ បានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់ដូសទី៣ ឬដូសជំរុញ ដោយសហការល្អជាមួយមន្ទីរ សុខាភិបាលខេត្ត ឬស្រុកប្រតិបត្តិ ឬមណ្ឌលសុខភាព ដើម្បីរៀបចំក្រុមគ្រូពេទ្យ ចុះទៅចាក់ដល់ទីកន្លែងភូមិ ឬឃុំ ដោយធ្វើការកៀងគរប្រជាជន មកទទួលយកវ៉ាក់សាំងកូវីដ-១៩ ទៅតាមកាលបរិច្ឆេទកំណត់» ។

លោកបន្ដថា អាជ្ញាធរ ក៏តាមដានការអនុវត្ត របស់ប្រជាពលរដ្ឋនៅតាមភូមិ ឃុំ ស្រុករបស់ខ្លួន និងចាត់វិធានការសមស្របនូវសកម្មភាពសសកម្មណាមួយ ដែលធ្វើបង្កឲ្យមានការចម្លងបន្ត នៅក្នុងមូលដ្ឋានរបស់ខ្លួនបានទាន់ពេលវេលា។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី បានបន្ថែមថា អាជ្ញាធរមូលដ្ឋានត្រូវរាយការណ៍ឲ្យ បានទាន់ពេលវេលា នូវហេតុការណ៍ នៃការផ្ទុះឡើងនូវការ ចម្លងជំងឺកូវីដ-១៩ ឬជំងឺឆ្លងណាមួយ នៅក្នុងសហគមន៍ របស់ខ្លួន ដើម្បីចាត់វិធានការសុខាភិបាល បានទាន់ពេលវេលា កាត់បន្ថយបានជាអតិបរិមា នូវផលប៉ះពាល់ធំដល់សង្គមជាតិ ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន ១៤,៧៨៨,២៦៨នាក់៕

To Top