ព័ត៌មានជាតិ

លោក ប្រាក់ សុខុន សោកស្ដាយមិនបានជួប ភរិយាអតីតប្រធានាធិបតីភូមា ដើម្បីចង់ដឹងសុខទុក្ខ លោកស្រី អោង សានស៊ូជី (Video)

ភ្នំពេញ៖ ក្នុងដំណើរមាតុភូមិនិវត្តន៍ របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសខ្មែរ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានមកពីមីយ៉ាន់ម៉ា ឬភូមានោះ លោកបានសម្ដែងការសោកស្ដាយ ដែលមិនបានជួបលោកស្រី ស៊ូស៊ូលីន ភរិយាអតីតប្រធានាធិបតីមីយ៉ាន់ម៉ា ដើម្បីចង់ដឹងពីស្ថានភាព នយោបាយរបស់គណបក្ស NLD និងសុខទុក្ខរបស់លោកស្រី អោង សានស៊ូជី ។

សម្រាប់ដំណើរទៅកាន់មីយ៉ាន់ម៉ារយៈពេល២ថ្ងៃ(២១-២២មីនា)របស់ប្រេសិតពិសេសប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ានេះ លោកបានជួបក្រុមមន្រ្តីជាច្រើនរូបរបស់ក្រុមលោកនាយឧត្តមសេនីយ៍មីន ឡោងអាំង ប៉ុន្តែជាការសោកស្តាយមិនជួបខាងគណបក្ស NLDនោះទេ ។ ជាពិសេសគឺមិនបានលោកស្រី ស៊ូស៊ូលីន ភរិយាអតីតប្រធានាធិបតីមីយ៉ាន់ម៉ាដែលលោកស្រី គឺជាមនុស្សម្នាក់មានភាពជិតស្និតជាមួយលោកស្រី អោង សានស៊ូជី។ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូង ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាននេះ លោកក៏បានបង្ហាញលទ្ធផលវិជ្ជមានខ្លះៗផងដែរ ដែលអាចឈានទៅដល់ការសម្របសម្រួលណាមួយពេលអនាគត ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយមកដល់កម្ពុជាភ្លាម ស្ដីពីលទ្ធផលដំណើរទស្សនកិច្ចការងារ នៅមីយ៉ាន់ម៉ា នៅថ្ងៃទី២៣ មីនានេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងសោកស្ដាយ ហេតុផលអាក្រក់ដែលយើងមិនបានជួប ជាមួយអតីតលោកជំទាវទី១ គឺលោកស្រី ស៊ូស៊ូលីន ដែលជាភរិយាអតីតប្រធានាធិបតីមីយ៉ាន់ ដែលលោកស្រីជាមនុស្សជិតស្និទ ជាមួយលោកស្រី អោង សានស៊ូជី ហើយលោកស្រីក៏ជាឥស្សរជននាំមុខមួយនៃគណបក្ស NLD ដែរ ។ ខ្ញុំគិតថាជំនួបនេះ នឹងមានផលប្រយោជន៍ច្រើនដើម្បីស្ដាប់ថា តើស្ថានភាពនយោបាយបច្ចុប្បន្ន នៅមីយ៉ាន់ម៉ាវាយ៉ាងម៉េច ។ ស្ថានភាពរបស់គណបក្ស NLD យ៉ាងម៉េច ហើយនិងសុខទុក្ខលោកស្រី អោង សានស៊ីជី យ៉ាម៉េចដែរ» ។

ជាមួយគ្នានេះប្រេសិតពិសេសប្រធានអាស៊ាន ក៏បង្ហាញពីចំណុចល្អផងដែរនៅពេលធ្វើដំណើរទៅមីយ៉ាន់ម៉ាលើកក្រោយទៀតថា នឹងអាចដាក់សំណើរជាថ្មីជួបលោកស្រី ស៊ូស៊ូលីន និងជួបជាមួយឥស្សរជន សំខាន់ៗផ្សេងៗទៀត ។

លោកបន្ថែមថា ទស្សនកិច្ចលើកដំបូងនេះ លោកបានជួបជាមួយឥស្សរជនសំខាន់ៗមួយចំនួន ដូចជា លោក កូកូជី ប្រធានគណបក្សប្រជាជនមីយ៉ាន់ម៉ា និងជាឥស្សរជនក្រុមយុវជន អាចថា ក្រុមបដិវត្តន៍ដែលធ្លាបជាប់គុកជាង២០ឆ្នាំ ដោយសារតែសកម្មភាពប្រជាធិបតេយ្យ ។ លោកថា លោក កូកូជី បានផ្ដល់ចំណេះដឹង យោបល់ល្អៗដល់លោកសម្រាប់ការងារទៅថ្ងៃមុខទៀត ។

លោក ប្រាក់ សុខុន លើកឡើងទៀតថា ពេលសម្ដេចតេជោ ជួបនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីង អោងឡាំង កាលពីខែមករា ជាពិសេសតាមវីដេអូ Conferenc ថ្ងៃទី២៦ មករា សម្ដេចក៏បានលើកពីបញ្ហាជួបលោកស្រី អោង សានស៊ូជីដែរ ដែលពេលនោះនាយឧត្ដមសេនីយ៍ មីង អោងឡាំង ឆ្លើយតបថា សំណើនេះជាមូលហេតុដែលនាំឲ្យប្រេសិតពិសេសអាណត្តិមុន មិនបានសម្រេចទស្សនកិច្ចរបស់ខ្លួន នៅមីយ៉ាន់ម៉ា ។

លោកបន្តថា មុននឹងចេញដំណើរទៅបំពេញទស្សនកិច្ច លោកមិនបានលើកឲ្យចំៗ នោះទេពីបញ្ហានេះ ប៉ុន្តែបានលើកសំណើសុំជួបមនុស្សមួយចំនួនដែលជាមនុស្សមានសារៈសំខាន់ ក្នុងការស្វែងរកសន្តិភាព ដល់មីយ៉ាន់ម៉ា ដូចជាលោក កូកូយីជាដើម ។

លោកថ្លែងថា ពេលលោកជួបជាមួយ នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីង អោងឡាំង មិនមែនត្រឹមតែសម្ដែងការគួរសមប៉ុណ្ណោះទេ គឺជាការជជែកពិភាក្សាការងារតែម្ដង ដែលលើកពីលទ្ធផលជំនួបរវាងសម្ដេចតេជោ ជាមួយនាឧត្ដមសេនីយ៍ផ្ទាល់ លើកពីផែនការការងារតទៅមុខ ។ លោកថា ក្នុងជំនួបនោះលោកក៏បានរំលឹកពីសំណើរបស់សម្ដេចតេជោ ដែលចម្លើយលើកនេះ គឺមានភាពបើកចំហជាងមុន ។

លោកគូសបញ្ជាក់ថា នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីង អោងឡាំង បានផ្ដល់ចម្លើយថា ពេលនេះមានការលំបាក ពីព្រោះករណីរបស់លោកស្រី អោង សានស៊ូជី នៅជាប់ពាក់ព័ន្ធជាមួយដំណើរការបរស់តុលាការ ដែលច្បាប់របស់មីយ៉ាន់ម៉ាចែងច្បាស់ថា នៅពេលជាប់ពាក់ព័ន្ធក្នុងដំណើរការកាត់ក្ដីបែបនេះ មិនអាចជួបអ្នកណាបានទេ ។ លោកក៏បានបញ្ជាក់ប្រាប់ នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីង អោងឡាំងថា ដំណើររបស់លោកនេះគឺគោរពគោលការណ៍អាស៊ាន គឺមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ាទេ ។

លោកថ្លែងទៀតថា នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីង អោងឡាំង លើកឡើងថា អាចនៅពេលអានាគត ក៏ដូចជាដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានខាងមុខទៀត នឹងពិចារណាចំពោះសំណើរទាំងឡាយដែលបានធ្វើឡើងមិនមែនត្រឹមតែចំពោះតែលោកស្រី អោង សានស៊ូជី តែម្នាក់នោះទេ ។ លោកថា នេះជាការបើកបង្អួចដើម្បីមានពន្លឺទៅដល់បញ្ហានៃការជួបសន្ទនា ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាមអាណត្តិរបស់ប្រេសិតពិសេស ហើយដើម្បីផលប្រយោជន៍ ក្នុងការឈានទៅដល់ការផ្សះផ្សារជាតិមួយ ដែលមានការចូលរួមពីគ្រប់ភាគីទាំងអស់ ។

ទន្ទឹមនឹងនេះ លោកប្រាក់ សុខុន ក៏បានស្នើឲ្យមានការបើកច្រករបៀងមនុស្សធម៌ នៅមីយ៉ាន់ម៉ាដែរ សម្រាប់ជំនួយមនុស្សធម៌ដល់អ្នកខ្វះខាត ៕

To Top