នយោបាយ

សម្តេចតេជោ៖ កម្ពុជា គ្មានតម្រូវការទិញ នាវាមុជទឹក ឬយន្ដហោះចម្បាំងទេ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ននេះ គ្មានតម្រូវការទិញនាវាមុជទឹក ឬយន្ដហោះចម្បាំងអ្វីនោះទេ ដោយសម្ដេចអះអាងថា ទុកលុយសម្រាប់កសាងមន្ទីរពេទ្យ សាលារៀន និងផ្លូវថ្នល់ជាដើមវិញ។

ការលើកឡើងរបស់សម្ដេចតេជោ បែបនេះ បន្ទាប់ពីមានការអត្ថាធិប្បាយថា កម្ពុជាបោះឆ្នោត ប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្ស៊ី ទៅកាន់ប្រទេសអ៊ុយក្រែន ធ្វើឡើងដោយសារកម្ពុជា មិនទាន់មានវិស័យការពារជាតិខ្លាំង។

ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ អគារនៃមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា «យើងអនុវត្តន៍ នូវនយោបាយបរទេស ផ្អែកលើច្បាប់និងធម្មនុញ្ញ អង្គការសហប្រជាជាតិ មិនមែនអនុវត្តន៍ នយោបាយការបរទេស ផ្អែកលើកម្លាំងនោះទេ» ។

សម្ដេចតេជោ បានចោទជាសំនួរថា ការអត្ថាធិប្បាយថា មកពីកម្ពុជា មិនទាន់បានត្រៀមខ្លួន ដោយសារ ខ្វះនាវាមុជទឹក ខ្វះយន្តហោះម៉ិច(យន្ដហោះចម្បាំង) ខ្វះកាតព្វកិច្ចយោធា កងទ័ពសំបូរទៅដោយឧត្ដមសេនីយ៍ មានក្បាលពោះធំ អីចឹងបានន័យថា ជំហរបែបនេះត្រៀមខ្លួន ផ្លាស់ប្ដូរនូវគំនិតពីការបោះឆ្នោត ប្រឆាំងទៅជាការបោះឆ្នោតគាំទ្រមែនទេ?

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «អីចឹងទោះបីកម្ពុជា មានកម្លាំងប៉ុណ្ណាក៏ដោយ ទោះកម្ពុជាជាមហាអំណាចលេខ១ លើពិភពលោក តែកម្ពុជាក៏មិនប្រើកម្លាំងនោះទេ កម្ពុជា មិនមែនជា​មហាអំណាចយោធានោះទេ ហើយកម្ពុជា​ ក៏មិនត្រូវការប្រើយន្តហោះម៉ិចអីនោះដែរ»។

ឆ្លៀតក្នុងឱកាសនោះ សម្ដេច ក៏បានរំលឹកពីការធ្លាប់ប្រើយន្ដហោះចម្បាំង ជំនាន់អតីតរដ្ឋកម្ពុជា ដោយកម្ពុជាមានយន្តហោះចម្បាំងនេះ ច្រើនរាប់សិបគ្រឿង តែក្នុងមួយគ្រឿង ត្រូវចំណាយក្នុងមួយឆ្នាំ៣៦០តោន ក្នុងការហ្វឹកហាត់ពីឡុត ប៉ុន្តែមិនដែលយកទៅវាយ នៅឯណានោះទេ។

សម្ដេចគូសបញ្ចាក់ថា «ឥឡូវខ្ញុំអត់លេងនោះទេ ទិញយន្ដហោះមួយគ្រឿង ស្មើនឹងកសាងបានមន្ទីរពេទ្យមួយ ហើយថ្លៃជាងមន្ទីរពេទ្យមួយ ខ្ញុំលេងត្រឹមតែឧទ្ធម្ភាគចក្រ សម្រាប់ការដឹកជញ្ជូនបានហើយ រឿងយន្តហោះម៉ិច អ្នកមានក៏មានទៅ តែខ្ញុំគឺធ្វើសម្រាប់តែអ្នក ដែលចូលដែនអាកាសរបស់កម្ពុជា ដាក់ពីក្រោមទៅវិញម៉ង (សំណាញ់មេឃ) លេងចឹងទៅវិញ»។

ប៉ុន្តែសម្ដេចក៏បានប្រាប់អំពីយុទ្ធសាស្រ្ត ក្នុងការការពារដែនអាកាស របស់កម្ពុជាផងដែរថា ប្រសិនបើមានអ្នកចូលដែនអាកាស គ្មានការអនុញ្ញាត រំលោភលើដែនអាកាសកម្ពុជា សំណាញ់មេឃ គឺឡើងទៅពីក្រោម។ បើថា គេឈ្លានពានដែនអាកាសហើយ ឬចូលមកទម្លាក់គ្រាប់បែកហើយ បានតែដាក់ទៅពីក្រោមវិញល្អជាង កុំយកយន្ដហោះទៅបាញ់គ្នា នៅលើអាកាស គ្មានលទ្ធភាពទេ។

សម្ដេចបន្ថែមថា «បើទោះបីជាកម្លាំងយោធា ខ្លាំងប៉ុណ្ណាក៏ដោយ កម្ពុជានៅតែអនុវត្តន៍ គោលនយោបាយការបរទេស ដោយផ្អែកលើច្បាប់​ និងគោរពតាមធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ មិនប្រើប្រាស់កម្លាំង ឬគម្រាមប្រើប្រាស់កម្លាំង ក្នុងទំនាក់ទំនងអន្តរជាតិ »។

សម្ដេចបញ្ជាក់ថា «បញ្ហាកងទ័ព បញ្ហារឿងនាវាមុជទឹក ស្អីៗនេះ កម្ពុជាអត់មានតម្រូវការអាហ្នឹងទេ ទុកលុយកសាងមន្ទីរពេទ្យ ទុកលុយកសាងផ្លូវ ទុកលុយកសាងសាលារៀនផ្លូវថ្នល់អ្វីៗ ទៅវិញ ។ ប្រទេសយើងតូចតែមួយហ្នឹង យកមកធ្វើអីម៉ិច (យន្តហោះចម្បាំង) បើយើងទៅច្បាំង ជាមួយវៀតណាម ថៃ ឡាវ ប្រើប្រាស់ម៉ិច(យន្តហោះចម្បាំង) ទៅទៀតអាហ្នឹងគេបាញ់ធ្លាក់ពេញទឹកពេញដី នៅហ្នឹងហើយ យើងក៏គ្មានគោលនយោបាយរបៀបនេះដែរ ។ ហើយដល់តែពេលគេចូល មកយើងយកម៉ិចឡើង ទៅបាញ់គ្នាលើអាកាស អត់ផ្លូវនោះទេ»។

សម្ដេចសង្កត់ធ្ងន់ថា «យុទ្ធសាស្រ្តសង្គ្រាមរបស់ ហ៊ុន សែន គឺសំណាញ់មេឃ តែម្ដងជាមួយនឹងការ ប្រយុទ្ធជាមួយនឹងយន្ដហោះ»។

សម្ដេចក៏បានរំលឹក ពីព្រឹត្តិការណ៍ព្រំដែនកម្ពុជា-ថៃ ដោយក្នុងពេលនោះសម្ដេច បានដាក់ចេញបញ្ជាឲ្យនៅស្ងៀមស្ងាត់ ព្រោះយន្ដហោះនេះ បើនៅខ្ពស់ ធ្វើអីអត់កើតទេ ដល់ពេលចុះទាប អាហ្នឹងត្រូវហើយ ពីក្រោមឡើងទាំងអស់ រាប់លានគ្រាប់ចេញទៅតែម្ដង៕

To Top