ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ អំពាវនាវម្ចាស់យានជំនិះប្រញាប់មក ឆៀក ក្រោយយានជំនិះជិត ៥ពាន់គ្រឿង មិនទាន់ឆៀក

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បច្ចុប្បន្នមានយានជំនិះចំនួន ៤៩០ពាន់គ្រឿង មិនទាន់យកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ដូច្នេះ អំពាវនាវដល់ម្ចាស់យានជំនិះទាំងនោះ ប្រញាប់យកមក ឆៀក ឲ្យទាន់ពេលវេលា។

ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលត្រួត ឆៀក សាខាពោធិ៍សែនជ័យ-អូរដឹម និងប្រព័ន្ធស្វ័យប្រវត្តិកម្មឆៀក ជំនាន់ទី២ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីសារៈសំខាន់នៃការត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានជំនិះ និងបទញ្ញត្តិច្បាប់ដែលតម្រូវឲ្យមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះមិនស្របតាមស្តង់ដាលក្ខណៈបច្ចេកទេសអាចបង្កគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ និងបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃកើតឡើងចេញពីកត្តាយានជំនិះមានប្រមាណ៣,៥% ដោយសារការមិនបាន យកយានជំនិះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងទៀងទាត់។

ផ្ទាំងពាណិជ្ជកម្ម

លោកថ្លែងថា «មានយានជំនិះចំនួន៤៩០ពាន់គ្រឿងនៅទូទាំងប្រទេស មិនទាន់បានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅឡើយ និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់យានជំនិះទាំងនោះប្រញាប់យកយានជំនិះមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានទៀងទាត់និងទាន់ពេលវេលាដើម្បីសុវត្ថិភាពរបស់លោកអ្នក និងអ្នករួមដំណើរ តាមដងផ្លូវផងដែរ»។

ឆ្លៀតឱកាសនោះ លោកទេសរដ្ឋមន្ដ្រី បានសំណូមពរដល់ប្រជាពលរដ្ឋជាអ្នកបើកបរ ដែលមានបណ្ណបើកបរផុតសុពលភាព មិនទាន់យកមកប្តូរ ឬពន្យារបណ្ណបើកបរ ត្រូវមកប្ដូរ ឬពន្យារ បណ្ណបើកបររបស់ខ្លួនឲ្យស្របច្បាប់ដើម្បីជៀសវាងការផាកពិន័យនៅពេលបើកបរនៅតាមផ្លូវ។ ម្យ៉ាងវិញទៀត ក្រសួងសាធារណការ បានបង្កើតមជ្ឈមណ្ឌលផ្ដល់សេវាប្រភេទនេះនៅក្នុងទីស្តីការក្រសួង និងតាមផ្សារទំនើបនានា ដោយគ្រាន់តែចំណាយពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ នឹងទទួលបានសេវានេះដោយការពេញចិត្ត៕

To Top