ព័ត៌មានជាតិ

កងទ័ពចិនជួយ សាងសង់អគារហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀត នៅវិទ្យាស្ថានទ័ព ជើងគោកកម្ពុជា

ភ្នំពេញ ៖ នាថ្ងៃទី២៨ មីនា មានរៀបចំពិធីបើកការដ្ឋាន សាងសង់ អគារសាលប្រជុំ និងហេដ្ឋារចនាសម្ព័ន្ធនានា ជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពល ខេមរភូមិន្ទ និង លោក Zhu Shuaifei អនុព័ន្ធយោធារង នៃស្ថានទូតចិនប្រចាំកម្ពុជា ។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍ថា កម្ពុជានិងចិនគឺជាមិត្តដ៏រឹងមាំ ហើយការអភិវឌ្ឍន៍របស់កម្ពុជា មិនអាចបំបែកចេញពីការគាំទ្រ និងជំនួយរបស់ចិនបានឡើយ។ ដោយសារតែចំនួនដ៏ច្រើន នៃវ៉ាក់សាំងកូវីដ ផ្តល់ដោយចិន ទើបធ្វើឲ្យអត្រាចាក់វ៉ាក់សាំង នៅកម្ពុជាលើសពី៩២ភាគរយ ដោយបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេស មានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុត នៅក្នុងតំបន់ និងសូម្បីតែនៅក្នុងពិភពលោក ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យោធាកម្ពុជា និងចិនបានសហការគ្នា យ៉ាងរលូនលើវិស័យផ្សេងៗ និងទទួលបានលទ្ធផល ជាផ្លែផ្កា។

នាយឧត្តមសេនីយ៍បន្តថា ភាគីចិនបានផ្តល់ការគាំទ្រយ៉ាងរឹងមាំ ក្នុងការអភិវឌ្ឍនិង សាងសង់អគារបណ្ឌិត្យសភាកងទ័ពកម្ពុជា សម្រាប់ការប្រើប្រាស់ យូរអង្វែង ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាល ផ្នែកកិច្ចការពារជាតិ និងយោធាកម្ពុជា ដែលភាគីកម្ពុជាដឹងគុណដោយស្មោះ។

ដោយឡែកចំពោះលោក Zhu Shuaifei បានមានប្រសាសន៍ថា ចិន-កម្ពុជា គឺជាបងប្អូនដ៏ល្អដែលចេះជួយគ្នា ដោយស្មោះស្ម័គ្រ និងចែករំលែកសុខទុក្ខ។

លោកថា ប្រឈមមុខ នឹងការប្រែប្រួលនៃសតវត្សរ៍ពិភពលោក និងសតវត្សរ៍ នៃជំងឺរាតត្បាត ចិន-កម្ពុជា ជួយគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតរួមគ្នា ជំរុញយ៉ាងរឹងមាំ ការកសាងសហគមន៍ ដែលមានអនាគតរួមគ្នា និងជាគំរូសម្រាប់ការកសាង គំរូថ្មីនៃទំនាក់ទំនងអន្តរជាតិ។

លោក Zhu Shuaifei បន្ថែមថា បណ្ឌិត្យសភាកងទ័ព គឺ ជាលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងយោធាចិននិងកម្ពុជា ដែលជានិមិត្ត សញ្ញាសំខាន់នៃមិត្តភាព “រឹងប៉ឹង” រវាងយោធាទាំងពីរ និងជាតំណាងប្រមូលផ្តុំ នៃការអនុវត្តខ្លឹមសារស្នូល នៃសហគមន៍អនាគត រួមគ្នារវាង ចិន-កម្ពុជា ក្នុងវិស័យបណ្តុះបណ្តាលមន្ត្រីយោធា ។ ដូចសព្វមួយដង កងទ័ពចិននឹងផ្តល់ ជំនួយដល់កងទ័ពកម្ពុជា តាមលទ្ធភាពដែលខ្លួនមាន ហើយជំរុញកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរឲ្យឈាន ដល់កម្រិតថ្មីមួយ និងធ្វើឲ្យមានវឌ្ឍនភាពថ្មី៕

To Top