ព័ត៌មានជាតិ

ទូតអាមេរិក សរសើរវិស័យ សុខាភិបាលកម្ពុជា ជាពិសេសការ គ្រប់គ្រងកូវីដ

ភ្នំពេញ ៖ លោក ផាក ទ្រីតម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានអបអរសាទរ និងកោតសរសើរ នូវការខិតខំជាបន្តបន្ទាប់ និងជាប្រចាំ របស់ក្រសួងសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធ សុខាភិបាល ការលើកកម្ពស់គុណភាព សុខាភិបាល ជាពិសេសការគ្រប់គ្រង ការរាតត្បាត នៃជំងឺកូវីដ-១៩ ។

ការបង្ហាញការអបអរសាទរ និងកោតសរសើរនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា អមដំណើរដោយលោកស្រី Nancy Eslick ប្រធានបេសកកម្ម របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) និងលោកស្រីវេជ្ជបណ្ឌិត Rachel Albalak ប្រធានមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លង សហរដ្ឋអាមេរិក (US-CDC) នៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ។

គោលបំណងសំខាន់ នៃកិច្ចប្រជុំនេះដើម្បីសិក្សាស្វែងយល់ អំពីប្រព័ន្ធសុខាភិបាលកម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ពង្រឹងសុខាភិបាល ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀង ៥ឆ្នាំបន្ត (DOG) ។

ឆ្លៀតក្នុងឱកាសនោះ លោកទូត បានបញ្ជាក់គោលជំហរ របស់សហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រពង្រឹងវិសយសុខាភិបាល ព្រមទាំងពិនិត្យលទ្ធភាព សហប្រតិបត្តិការ ក្នុងផែនការជម្រុញ ការថែទាំសុខភាពបឋម (Primary Healthcare Booster) ដោយផ្តោតលើតម្រូវការ របស់សហគមន៍ ដែលទើបនឹងផ្តួចផ្តើម អនុវត្តថ្មីៗនេះ ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ក្នុងនាមក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ Johnson & Johnson ជាង ១លានដូស នាពេលកន្លងមក និង Pfizer ចំនួនជាង២លានដូស ដែលនឹងត្រូវមកដល់នាពេលខាងមុខ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ៕

To Top