នយោបាយ

នាយករដ្ឋមន្ត្រី៖ ប្រទេសខ្លះមានសង្គ្រាមទើបឃើញសន្តិភាពមានតម្លៃ ឯកម្ពុជាឃើញតម្លៃសន្តិភាព តាំងពីសង្គ្រាមចាប់ផ្ដើម ឆ្នាំ១៩៧០

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសមួយចំនួន មានកើតមានសង្គ្រាម ទើបមើលឃើញពីតម្លៃសុខសន្តិភាព ខណៈ ប្រទេសកម្ពុជា បានមើលឃើញ និងឲ្យតម្លៃសុខសន្តិភាព តាំងតែពីសង្គ្រាមចាប់ផ្ដើម កាលពី ៥២ឆ្នាំមុន ពោរគឺនៅក្នុងឆ្នាំ១៩៧០ ។

ក្នុងពីធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅថ្ងៃទី៣១ មីនានេះ សម្តេចតេជោ បានមានប្រសាសន៍ថា ពេលនេះ ម៉ោងនេះកម្ពុជា កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង លើផ្ទៃប្រទេស ក្នុងពេលដែលប្រទេសអ៊ុយក្រែន និងប្រទេសដទៃទៀតកំពុងរងការបំផ្លិចបំផ្លាញ ទៅលើហេដ្ឋារចនាសម្ព័ន្ធ ។

សម្ដេចតេជោបន្តថា កាលពី ៥២ឆ្នាំមុន ពេលនេះម៉ោងនេះ គឺជាការចាប់ផ្ដើមបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់ពីរដ្ឋប្រហារ ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ។ សម្ដេចរំលឹកថា នៅចាំបាន ស្ពានជ្រាវ តាមផ្លូវជាតិលេខ៧ ត្រូវបានដាក់គ្រាប់បែក បំផ្ទុះផ្ដាច់ត្រឹមគល់ស្ពាន នៅថ្ងៃទី២៩ មីនា ខណៈកម្ពុជា មានស្ពានច្រើន តែត្រូវបានបំផ្លាញ ដោយសារគ្រាប់បែក ។

សម្ដេចតេជោបន្ថែមថា សមិទ្ធផល និងការអភិវឌ្ឍដែលមានសព្វថ្ងៃនេះ គឺចាប់ផ្ដើមពីសន្តិភាព ដែលរកបានដោយលំបាក រយៈពេល ២៤ឆ្នាំកន្លងផុតទៅ ។ ប្រកាសសុខសន្តិភាពនេះហើយ ដែលផ្ដល់លទ្ធភាពឲ្យកម្ពុជា មានកំណើនសេដ្ឋកិច្ចជាង ៧% ក្នុងរយៈពេលជាង ២ទស្សវត្សជាប់គ្នា ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «ពេលមានសង្គ្រាម ទើបមើលឃើញសន្តិភាពមានតម្លៃ ឯកម្ពុជាយើង បានមើលឃើញតម្លៃសន្តិភាព តាំងពីសង្គ្រាមចាប់ផ្ដើម នៅឆ្នាំ១៩៧០ ពោរគឺ៥២ឆ្នាំមុន ប៉ុន្តែយើងអត់ មានជំរើសទេ ព្រោះពេលនោះយើងជាចំណាប់ខ្មាំង នៃសង្គ្រាម ទៅណាក៏ត្រូវធ្វើទាហាន ទៅខាងលន់ណន់ ក៏គេចាប់ធ្វើទាហាន នៅខាងតំបន់រំដោះក៏ត្រូវធ្វើទាហាន…ទាហានទាំងអស់តែគ្នា វាយគ្នាពេញតែប្រទេស» ។

សម្ដេចលើកឡើងទៀតថា សូម្បីតែរបស់អត់វិញ្ញាណ គ្រាន់តែជាហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើឲ្យការដឹកជញ្ជូន ឬសាលារៀន វត្តអារាម ក៏ត្រូវវាយបំផ្លិចបំផ្លាញដែរ ។ សម្ដេចថា ដូច្នេះត្រូវមើលឲ្យឃើញពីកត្តាសន្តិភាព ដែលការចាប់ផ្ដើមពីចំណុចសន្តិភាពនេះហើយ ដែលមានលទ្ធភាពដើម្បីអភិវឌ្ឍន៍ ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោបញ្ជាក់ថា «បើគ្មានសន្តិភាព កុំនិយាយដល់ការអភិវឌ្ឍ ហើយក៏កុំនិយាយពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ឥឡូវសូមទៅសួរនៅអ៊ុយក្រែន តើសិទ្ធិមនុស្សនៅកន្លែងណា យើងពិនិត្យមើលបើគ្រាប់បែក គ្រាប់ផ្លោងនៅក្រោមដី កុមារអត់សាលារៀន អត់ទឹកស្អាតប្រើប្រាស់ ចូលមកអឺរ៉ុបត្រូវគេរើសអើងទៀត» ។

សម្ដេចបន្តថា ភៀសខ្លួនចេញពីអ៊ុយក្រែន មានជនជាតិអ៊ុយក្រែនផង និងមាននិស្សិតនៅបណ្ដាប្រទេសអាហ្វ្រិក ពេលមកដល់ត្រូវទទួលបានការរើសអើង នៅក្នុងទ្វីបអឺរ៉ុប ជាប្រទេសដែលចាត់ទុកជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ។

សម្ដេចតេជោ ក៏បានចោទសួរ ទៅប្រទេសតំបន់អឺរ៉ុបថា តើហេតុអ្វីបានជាអ្នកឯង មានស្តង់ដារពីរ ឬអាចដល់ទៅស្តង់ដារបី ។ សម្ដេចថា មិនទាន់ប្រាកដថា អ្នក និយាយពីបញ្ហាមិនរើសអើង ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺល្អទេ រឿងទង្វើជាក់ស្ដែងទើបជាការត្រឹមត្រូវ ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ត្រូវឃើញតម្លៃសន្តិភាព ខណៈបច្ចុប្បន្នលើពិភពលោក កំពុងស្រែករកសន្តិភាព និងកំពុងតែខិតខំការពារសន្តិភាព ក្នុងពេលដែលកើតមានអស្ថេរភាព ដោយសារសង្គ្រាមនៅអ៊ុយក្រែន និងដោយសារលទ្ធភាពនៃការកើតឡើងនូវ សង្គ្រាមលោកលើកទី៣ ក៏ដូចជាសង្គ្រាមនុយក្លេរអ៊ែរ ។

សម្ដេចតេជោបន្តទៀតថា កាលពីពេលមុន ទាមទាររកសន្តិភាព ក្រោយរកសន្តិភាពបានហើយ ត្រូវខិតខំធ្វើយ៉ាងណា ការពារសន្តិភាពឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ៕

To Top