ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ វះកាត់ប្តូរកែវភ្នែក ដោយជោគជ័យ

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី៣១ មីនានេះថា លោកបានធ្វើការវះកាត់ប្តូរកែវភ្នែកទាំងពីរ បានដោយជោគជ័យហើយ  ។ 

បើតាមការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ ការវះកាត់ប្តូរកែវភ្នែកទាំងពីររបស់លោក ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមីនា ២០២២ ដោយទទួលបានជោគជ័យ ហើយរងចាំពេទ្យដករបាំងការពារភ្នែក មុននឹងលោកវិលមកកម្ពុជាវិញ នៅថ្ងៃទី១មេសាខាងមុខនេះ ។

លោករដ្ឋមន្ត្រីបានឲ្យដឹងថា “ពេលនេះ ពេទ្យនៅបិទភ្នែកខ្ញុំនៅឡើយ ដោយទុកតែមុមគំហើញប្រហែល ១០អង្សា ល្មមនឹងមើលផ្លូវឃើញ និងចំណាំមុខអ្នកគ្រូពេទ្យស្អាតដែលមើលថែខ្ញុំតែប៉ុណ្ណោះ” ។ 

លោករដ្ឋមន្ត្រី ក៏បានអរគុណមិត្តភក្តិជិតឆ្ងាយ ដែលបារម្ភ និងសួរសុខទុក្ខលោកផងដែរ ។ 

លោកបន្ថែមថា “ព្រឹកនេះ  ពេទ្យនឹងដករបាំងភ្នែក បើអ្វីៗបានល្អ ខ្ញុំអាចត្រលប់ចូលស្រុកវិញនៅថ្ងៃទី ១ មេសានេះ ។  សូមផ្ញើចិត្តនឹកដល់ទាំងអស់គ្នា ហើយអរគុណខ្លា ដែលតាមជាប់មិនឲ្យឃ្លាតមួយជំហានទេ” ៕

To Top