នយោបាយ

សម្តេចតេជោ សប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីចំណូលផ្ទៃក្នុងពន្ធដារ បំបែកឯកទគ្គកម្ម ខណៈមួយថ្ងៃប្រមូលបានជាង ២៣០លានដុល្លារ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ថ្ងៃទី៣០ មីនា ជាពេលវេលាដែលសម្តេចសប្បាយចិត្តខ្លាំងជាងគេក្នុងឆ្នាំនេះ ព្រោះជាថ្ងៃដែលបំបែកឯកទគ្គកម្ម សម្រាប់ចំណូលផ្ទៃក្នុងពន្ធដារ ដែលមួយថ្ងៃនេះប្រមូលចំណូលបានចំនួន២៣៦លានដុល្លារ ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ ឲ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ មីនា សម្តេចតេជោមានប្រសាសន៍យ៉ាងដូច្នេះថា «ម្សិលមិញចាត់ទុកជាពេលវេលា ដែលខ្ញុំសប្បាយចិត្ត នៅក្នុងឆ្នាំនេះខ្លាំងជាងគេ ព្រោះម្សិលមិញនេះ គឺជាថ្ងៃដែលបំបែកឯកទគ្គកម្មសម្រាប់ចំណូលផ្ទៃក្នុង ។ ម្សិលមិញ គឺនៅថ្ងៃទី៣០ មីនា ចំណូលពន្ធដារផ្ទៃក្នុង តែមួយថ្ងៃទេ គិតជាប្រាក់ដុល្លារចំនួន ២៣៦លានដុល្លារ ហើយបើគិតរយៈពេល៣០ថ្ងៃ គឺចំណូលបានចំនួន ៦២០លានដុល្លារ ហើយបើគិតពីខែមករារហូតមកបាន ១១៣០លានដុល្លារ។ ម្សិលមិញខ្ញុំទាក់ទងទៅប្រធានពន្ធដារ ឯកឧត្តម គង់ វិបុល ថាថ្ងៃនេះនឹងមានលទ្ធផល ចំណូលលើស ១០០លានដុល្លារទៀត អីចឹងបានសេចក្តីថា ក្នុងខែ៣នេះ ចំណូលយើងនឹងកើនលើស ៧០០លានដុល្លារ សម្រាប់ពន្ធផ្ទៃក្នុង ព្រោះខែនេះជាខែដែលបង់ពន្ធ លើប្រាក់ចំណេញនៃបណ្តាក្រុមហ៊ុន» ។

សម្ដេចតេជោលើកឡើងថា កាលពីឆ្នាំ២០២១ នៅក្នុងខែមករា ពន្ធដារប្រមូលចំណូលបាន ២១៧លានដុល្លារ ខែកុម្ភៈ បាន២០០លានដុល្លារ ខែមីនាបាន ៦១៥លានដុល្លារ ដែលជាខែត្រូវបង់ពន្ធលើប្រាក់ចំណេញ នៃបណ្ដាក្រុមហ៊ុននានា ។ សម្ដេចថា ឆ្នាំ២០២២នេះ ក្នុងខែមករា ប្រមូលចំណូល បាន២៨៨លានដុល្លារ ខែកុម្ភៈ បាន២២៣លានដុល្លារ ចឹងបើគិតចំនួននៃប្រាក់ចំណូល ក្នុងត្រីមាសទី១ ឆ្នាំនេះមានចំណូលពន្ធដារ រហូតដល់ជាង ១២០០លានដុល្លារ កើនឡើងលើសឆ្នាំ២០២១ ប្រមាណ ២០០លានដុល្លារ ។

សម្តេចតេជោ បន្ថែមថា ក្នុងខែមីនានេះ បើបូកទាំងចំណូលពន្ធដារជាង ៧០០លានដុល្លារ និងពន្ធគយ ២០០លានដុល្លារទៀតនោះ កម្ពុជានឹងទទួលបានចំណូល ពីការប្រមូលចំណូលពន្ធបានជាង ៩០០លានដុល្លារ ។

សូមរំលឹកថា ក្នុងរយៈពេល១១ ខែឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិចំនួន ២,៧៨១.៩២លានដុល្លារ ស្មើនឹង១២៤.០២% ។ ចំណែកក្នុងរយៈពេលពេញមួយឆ្នាំនៃ ឆ្នាំ២០២១នេះដែរ គយប្រមូលចំណូលបាន ៩,២៩៥.៧ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២,២៩៥.២ លានដុល្លារ) ថយចុះប្រមាណ ៥.១% បើធៀបនឹងចំណូលប្រមូលបាន កាលពីឆ្នាំ២០២០ ៕

To Top