ព័ត៌មានជាតិ

ឥណ្ឌា នឹងផ្តល់ជំនួយឥតសំណង ៥ម៉ឺនដុល្លារ លើកកំពស់វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកំពត

ភ្នំពេញ ៖ ប្រទេសឥណ្ឌា នឹងផ្តល់ជំនួយឥតសំណង ក្នុងទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារ ដើម្បីជម្រុញលើកកំពស់ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) និងមុខវិជ្ជាSTEM សម្រាប់សិស្សានុសិស្ស នៅខេត្តកំពត តាមរយៈការបង្កើត ឲ្យមានវិធាន ណែនាំអំពីការអប់រំ STI-STEM ក្នុងចំណោមគ្រូបង្រៀន និងលើកកម្ពស់ការអប់រំវិស័យ STEM ដល់សិស្សានុសិស្ស ។ នេះបើយោងតាម ក្រសួងឧស្សាហកម្ម ។

ការប្រកាសនឹងផ្ដល់នេះ ធ្វើឡើងដោយមានការចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា រវាង លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាមួយលោកស្រី Davyani Khobragade ឯកអគ្គរដ្ឋទូត សាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

លោក ចម ប្រសិទ្ធ និងលោកស្រី Davyani Khobragade ចាត់ទុកអនុស្សរណៈយោគយល់គ្នានេះ ពិតជាមានសារ:សំខាន់ និងជាការចាប់ផ្តើមមួយដ៏ល្អ សម្រាប់ជាមូលដ្ឋាន លើកកំពស់វិស័យ STI-STEM ដល់សិស្សានុសិស្ស ដើម្បីឲ្យស្របនឹងបរិបទ រីកចម្រើននៃចរន្តពិភពលោកផ្នែកវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ក៏ដូចជាបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤.០ និងសេដ្ឋកិច្ចបែបឌីជីថលជាដើម ៕

To Top