ព័ត៌មានជាតិ

សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា​ ប្រកាសធ្វើកំណែទម្រង់ វិស័យដីធ្លី និងសំណង់ នៅកម្ពុជា កាន់តែប្រសើរ ថែមមួយកម្រិតទៀត

ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព​ ប្រធានសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា បានប្ដេជ្ញាពង្រឹងចំណេះដឹងវិជ្ជាជីវៈ របស់សមាជិកសមាគមរបស់ខ្លួន ចូលរួមធ្វើកំណែទម្រង់ នៃការអភិវឌ្ឍដីធ្លី និងសំណង់នៅកម្ពុជា​ ឱ្យបានកាន់តែប្រសើរ ថែមមួយកម្រិតទៀត តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាន ខណៈដែលលោកបានមើលឃើញ ពីបញ្ហាច្រើនក្នុងសកម្មភាពដីធ្លីបច្ចុប្បន្ន ។

ការប្ដេជ្ញាយ៉ាងចិត្តរបស់លោកបណ្ឌិត ឡី សុភាព ខាលើនេះធ្វើឡើងក្នុងពិធីពិធីប្រកាសបញ្ចូលសមាជិកសកម្ម នៃសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ចំនួន៣៧២នាក់ ព្រមទាំងមានការប្រកាសតែងតាំង សមាជិកភាពគណៈកម្មការ ប្រតិបត្តិសមាគមចុះមូលដ្ឋានរាជធានី ខណ្ឌ ខេត្ត ចំនួន១៥៤នាក់ ប្រគល់ពានរង្វាន់បុគ្គលឆ្នើម ចំនួន១០នាក់ និងប្រគល់លិខិតសរសើរ ចំនួន៤រូប កាលពីចុងខែមីនាកន្លងទៅថ្មីៗនេះ នៅភោជនីយដ្ឋាន The Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកប្រធាន ឡី សុភាព បានលើកឡើងថា នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា​​ឋ​បានរៀបចំច្បាប់ស្ដីពីសំណង់ និងប្រកាសស្ដីពីការអភិវឌ្ឍដីធ្លី ប្រកាសស្ដីពីការគ្រប់គ្រងអាជីវកម្មអចលនវត្ថុ។ ក្រោយពីការរៀបចំច្បាប់ និងប្រកាសនេះហើយ លោកនិងសហការីក៏បានផ្ដួចផ្ដើម​ បង្កើតសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ដើម្បីចូលរួមអនុវត្តកំណែទម្រង់ ក្នុងវិស័យនេះឱ្យស្របតាមគោលនយោបាយ អភិវឌ្ឍរបស់រាជរដ្ឋាភិបាល។

លោកបានបញ្ជាក់ថា ការបង្កើតសមាគមសហព័ន្ធដីធ្លី និងសំណង់កម្ពុជានេះ គឺដើម្បីប្រមូលផ្ដុំអ្នកទាំងឡាយ ដែលប្រកបរបរលើវិស័យដីធ្លី និងសំណង់នៅទូទាំងប្រទេសកម្ពុជា ធ្វើកំណែទម្រង់នៃការអភិវឌ្ឍដីធ្លី និងសំណង់ឱ្យបានសមស្រប។ សមាគមសហព័ន្ធដីធ្លី និងសំណង់កម្ពុជា នឹងធ្វើកំណែទម្រង់ជំរុញ ឱ្យសមាជិក-សមាជិករបស់ខ្លួន ចេះប្រកបរបររកស៊ី ប្រកបដោយបរិយាបន្ន និងរដ្ឋបាលឯកភាព ព្រោះមិនដូច្នោះទេ វិបត្តិដីធ្លី និងសំណង់រវាងអ្នកលក់ និងអ្នកទិញ ឬវាងភ្នាក់ងារអភិវឌ្ឍន៍ និងម្ចាស់ដី នឹងកើតឡើងឥតឈប់ឈរ ប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

លោកថា កំណែទម្រង់នេះ នឹងធ្វើទៅដល់ថ្នាក់មូលដ្ឋានតែម្ដង ជាក់ស្ដែងនាថ្ងៃនេះ សមាគមក៏បានបញ្ចូលសមាជិក ដែលបានយល់ដឹងអំពីបញ្ហា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យដីធ្លី និងសំណង់។ ដូច្នេះហើយបានជាលោក ឡី សុភាព ក្នុងនាមសមាគម សហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា បានរៀបចំឱ្យសមាជិក-សមាជិកាទាំងអស់ ត្រូវចេះដើរនៅលើបន្ទាត់មួយ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ពោលគឺអនុវត្តឱ្យបានត្រឹមត្រូវ តាមច្បាប់ ប្រកាស លិខិតបទដ្ឋាន និងឯកសារគតិយុត្តនានា ជាធរមានរបស់កម្ពុជា ព្រមទាំងបទបញ្ជាផ្ទៃក្នុង សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជាផងដែរ។

លោកបានបន្តថា កំណែទម្រង់ព្រមៗគ្នានេះ ត្រូវតែប្រកបដោយចំណេះដឹងវិជ្ជាជីវៈ ព្រោះដើម្បីអភិវឌ្ឍវិស័យមួយ ត្រូវតែមានធនធាន ប្រកបដោយវិជ្ជាជីវៈ ដូច្នេះហើយបានជារាជរដ្ឋាភិបាល បង្កើតនូវគោលនយោបាយសិក្សា ពេញមួយជីវិត និងគោលនយោបាយជាតិ ស្ដីពីការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ របស់រាជរដ្ឋាភិបាល​ (TVET) ដែលសមាគមក៏បានប្រជុំ និងបណ្ដុះបណ្ដាលដល់មូលដ្ឋានថែមទៀតផង។

សូមជម្រាបថា នាឱកាសប្រកាសបញ្ចូលសមាជិកសកម្ម នៃសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជានោះ លោកប្រធានក៏បានលើកឡើងដែរថា ការរើសសមាជិកបន្ត ត្រូវតែរើសអ្នកដែលមានឆន្ទៈ ស្រលាញ់កិច្ចការងារនេះពិតប្រាកដ មានភាពឧស្សាហ៍ព្យាយាម លើការងារ មានការយកចិត្តទុកដាក់ ចំពោះកិច្ចការងារ ការចេះត្រិះរិះពិចារណា ចំពោះកិច្ចការងារ បូករួមទាំងការលះបង់ ទាំងកម្លាំងកាយកម្លាំងចិត្ត ពេលវេលា និងធនធានផ្ទាល់ខ្លួន សម្រាប់កិច្ចការងារអភិវឌ្ឍន៍ដីធ្លី និងសំណង់។ ទាល់តែមានអ្នកដែលមាន លក្ខណសម្បត្តិទាំងនេះ ទើបស័ក្តិសមនឹងការបន្តវេន ដឹកនាំការងារ ក្នុងវិស័យដីធ្លី ក៏ដូចជាវិស័យផ្សេងទៀត៕

To Top