ព័ត៌មានជាតិ

សម្ដេចតេជោ ៖ កូវីដ១៩ មិនអាចរារាំង ការសាងសង់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប

ភ្នំពេញ ៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ជំងឺកូវីដ-១៩ មិនអាចរារាំង និងរំខានដល់ការសាងសង់ផ្លូវ ៣៨ខ្សែឡើយ ហើយសមិទ្ធផលទាំងអស់នេះ កើតចេញពីស្នាដៃកូនខ្មែរសុទ្ធសាធ។

នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន ៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាប នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ស្របពេលកូវីដ-១៩ កំពុងផ្ទុះឡើងនៅកម្ពុជា បានបើកការដ្ឋានផ្លូវ ៣៨ខ្សែ កាលពីខែវិច្ឆិកា ឆ្នាំ២០២០។

សម្ដេច មានប្រសាសន៍ថា «ប៉ុន្ដែកូវីដ អាចរារាំង និងអាចរំខានយើង ក៏ប៉ុន្ដែគេមិនអាចបញ្ឈប់ នូវសកម្មភាពរបស់យើង ទៅលើការសាងសង់នូវអ្វី ដែលជាគោលដៅ ដែលយើងបានដាក់ចេញនោះទេ»។

សម្ដេចតេជោ បានបន្ដថា ផ្លូវ ៣៨ខ្សែ កសាងដោយកូនខ្មែរពិតប្រាកដ រួមទាំងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងនេះហៅថា កម្ពុជា ចិញ្ចឹមកម្ពុជា។

សូមបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ ដែលក្រាលដោយបេតុងកៅស៊ូAC ដែលមាន ប្រវែងសរុប១០៨គីឡូម៉ែត្រ៧៤ , បាន បើកការដ្ឋានកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០នោះត្រូវបានចំណាយថវិកា ជិត ១៥០លានដុល្លារអាមេរិកជាកញ្ចប់ថវិកាជាតិ ដែលបានអនុម័តផ្តល់ ដោយរាជរដ្ឋាភិបាលកម្ពុជា ។

លើសពីនេះទៀត ខ្សែផ្លូវ ៣៨ខ្សែនេះ គឺជាខ្សែផ្លូវដែលបានសាងសង់ឡើង ដោយគិតគូរយ៉ាងល្អិតល្អន់ អំពីបទដ្ឋានលក្ខណៈបច្ចេកទេស និងគំនូសប្លង់នគរូបនីយកម្មផ្លូវ ការបែងចែកខ្សែផ្លូវអាទិភាពស្រប ទៅតាមរូបសាស្ដ្រទីក្រុង ដែលមានសង្គតិភាពនគរូបនីយកម្ម មានមេត្រីភាពនឹងទឹក ព្រៃឈើ និងប្រាសាទបុរាណ និង ស្របជាមួយប្លង់គោល ប្រើប្រាស់ដីក្រុងសៀមរាប និងផែនការមេ អភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ចក្ខុវិស័យឆ្នាំ២០៣៥៕

To Top