ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ នាំយកអណ្តើកសមុទ្រមួយក្បាល និងកូនសត្វក្រាស់មួយក្បាល ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ខណៈសកម្មភាពនេះ ជាលើកទី១៣៣

ភ្នំពេញ​៖ ក្នុងឱកាសអមដំណើរអភិបាលខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកម្ហូបអាហារ សម្ភារៈប្រើប្រាស់និងថវិកា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ឧបត្ថម្ភដល់កងទព័ជើងទឹក ការពារតាមកោះជួរមុខ ក្នុងដែនសមុទ្រកម្ពុជា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វល្មិច​ ឬអណ្តើកសមុទ្រទម្ងន់ធ្ងន់មួយក្បាល និងកូនសត្វក្រាស់មួយក្បាល ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១៣៣ ។

គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រ​ ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ ក្នុងគោលការណ៍អភិរក្ស សត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិច ឬអណ្តើកសមុទ្រ និងកូនសត្វក្រាស់ពេលនេះ គឺ KH0396 និង KH0397។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិចឬអណ្តើកសមុទ្រ និងសត្វក្រាស់ ដែលលោកឧកញ៉ា ទទួលពីអ្នកនេសាទភាគច្រើន គឺមិនទាន់មានកឹបសៀលនោះទេ ទើបលោកឧកញ៉ា បានរៀបចំធ្វើការកឹបសៀល រាល់ពេលមុនព្រលែងចូលក្នុងសមុទ្រ ហើយការកឹបសៀលសម្គាល់បែបនេះ មានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រ កម្រជាអន្តរជាតិ ដោយសារថា ប្រសិនបើមានការនេសាទ បានសត្វល្មិចឬអណ្តើកសមុទ្រ ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើង ឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ ឬលក់ដូរធ្វើអាជីវកម្មឡើយ។

សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើន ពេលនេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រ បាននាំយកមកប្រគល់ជូន លោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែង ក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណ ដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារ អភិរក្សសត្វសមុទ្រកម្រជាសកល៕

To Top