ព័ត៌មានជាតិ

សម្ដេចតេជោ ផ្ដាំផ្ញើឱ្យថែរក្សាសន្ដិភាព កុំចាំពេលមានសង្គ្រាម ទើបស្រែកហៅ រកសន្ដិភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា នៅពេលមានសន្តិភាពហើយ ត្រូវខិតខំប្រឹងប្រែងថែរក្សាសន្ដិភាព កុំចាំដល់ពេលមានសង្គ្រាម ទើបប្រឹងស្រែករកសន្តិភាព។

នាឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ផ្លូវចំនួន ៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានប្ដេជ្ញាចិត្តថា នឹងខិតខំបន្ដថែរក្សាសន្ដិភាពឲ្យខាងតែបាន។

សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា «ពេលមានសន្ដិភាពហើយ ត្រូវការពារសន្ដិភាព ហើយសន្ដិភាពពិបាករកណាស់ សង្គ្រាមបង្កើតត្រឹមតែ ១៥នាទី គឺកើតសង្គ្រាមបានហើយ ក្រោយចេញការបញ្ជា។ ក៏ប៉ុន្ដែការបញ្ចប់សង្គ្រាម គឺវាជាការលំបាកណាស់»។

សម្ដេចតេជោ បានបន្ដថា ក្នុងតំបន់អាស៊ាន នាពេលបច្ចុប្បន្ន មានកម្លាំងប្រដាប់អាវុធ តស៊ូនៅក្នុងប្រទេសរបស់ខ្លួននៅឡើយទេ។ សម្ដេចរំលឹកថា កាលពេលមុន កម្ពុជាធ្លាប់តែបែងចែកតំបន់ត្រួតត្រាផ្សេងៗគ្នា តែក្រោយមកទៀត ត្រូវបានឯកភាពគ្នា។

សម្ដេចតេជោ បានលើកឡើងថា ទោះបីការដឹកនាំប្រទេសកម្ពុជា ចេញពីគណបក្សនយោបាយណាមួយក៏ដោយ គឺត្រូវតែថែរក្សាឲ្យបាននូវសុខសន្តិភាព។ សម្ដេច ថា អ្នកប៉ុនប៉ងបំផ្លាញសុខសន្តិភាព មិនត្រូវអត់ឱនឲ្យនោះទេ ហើយមិនត្រូវញញើត ក្នុងបំផ្លាញពួកក្បត់ជាតិទាំងនោះដែរ។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា «យើងរកសន្ដិភាពនេះ លំបាកណាស់ ជីវិតរបស់យើង ដែលទៅរកសន្ដិភាពគឺផុយស្រួយណាស់ ប្រសិនបើគ្មានការចូលរួមដោយ ស្មោះត្រង់ពីក្រុមប្រដាប់អាវុធខុសៗ គ្នានោះ។ ដូច្នេះហើយបានជាយើងគិត ថា យើងបន្ដនិយាយថា យើងរកសន្ដិភាពនេះ ដោយការលំបាក បញ្ឆេះសង្គ្រាម គឺលន់ នល់ សម្រេចចិត្តធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម សីហនុ ប្រើពេលតែប៉ុន្មាននាទី គឺរឿងរ៉ាវចេញបានហើយ។ ក៏ប៉ុន្ដែ យើងបញ្ចប់សង្គ្រាមឆ្នាំ១៩៩៨ ឈឺចាប់សម្រាប់ប្រទេសជាតិរបស់យើង ស្លាប់មនុស្សអស់រាប់លាននាក់»។

សម្ដេចតេជោ បានបន្ដថា «ពេលបានមានសន្ដិភាព ត្រូវតែការពារសន្ដិភាព កុំដល់ពេលចាប់ផ្ដើមមានសង្គ្រាម ទើបស្វែងរកសន្ដិភាព។ ចឹងដូចជា ករណី អ៊ុយក្រែន ជាដើម កាលពេលមុន ប្រធានាធិបតី អ៊ុយក្រែន មានជនជាតិ អ៊ុយក្រែនប៉ុន្មាននាក់ទៅ ដែលស្រែកហៅ ដើម្បីការពារសន្ដិភាព»។

សម្ដេចតេជោ បានបន្ថែមថា នាពេលបច្ចុប្បន្ន ប្រធានាធិបតី និងប្រជាជនអ៊ុយក្រែន បានស្រែកហៅរកសន្ដិភាព ហើយការគំរាមកំហែងជាមួយនឹង តំបន់អឺរ៉ុប កំពុងកើតឡើងនូវការព្រួយបារម្ភអំពីសន្ដិភាព និងស្ថេរភាព ជាដើម។ សម្ដេច ថា កាលពេលកម្ពុជា មានសង្គ្រាម ក៏មានប្រជាពលរដ្ឋខ្មែរភៀសខ្លួន ទៅប្រទេសផ្សេងៗ។

លើសពីនេះទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងទៀតថា បើគ្មានសន្តិភាព កុំនិយាយដល់ការអភិវឌ្ឍ ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ សម្តេចតេជោ ក៏បានថ្លែងអំណរ ព្រះគុណអតីតព្រះមហាក្សត្រ និងអរគុណប្រជាពលរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានគាំទ្រ សម្តេចតេជោ ឲ្យដឹកនាំប្រទេសចេញពីភ្លើងសង្គ្រាម ៕

To Top