ព័ត៌មានជាតិ

សត្វព្រៃមួយក្បាល ដែលអ្នកសម្លាប់មិនងាប់នឹងធ្វើឲ្យប្រព័ន្ធ អេកូឡូស៊ីកាន់តែល្អ កម្ពុជាសម្បូរជីវៈចម្រុះ (Video)

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា បើសិនសត្វព្រៃមួយក្បាល ដែលអ្នកសម្លាប់នៅរស់ វានឹងធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីកាន់តែល្អប្រសើរ កម្ពុជាសម្បូរជីវៈចម្រុះ និងអាចទាញចំណូលបានច្រើនជាង តម្លៃសាច់សត្វព្រៃទៅទៀត។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៥ មេសា នេះ ក្រសួងបរិស្ថាន បានលើកឡើងថា ការមិនបរិភោគ មិនទិញ មិនលក់សាច់ និងផលិតផលសត្វព្រៃ គឺជាការចូលរួមបញ្ចប់វិបត្តិអន្ទាក់ បើគ្មានតម្រូវការ ក៏គ្មានការផ្គត់ផ្គង់។

ក្រសួង រៀបរាប់ថា ជារៀងរាល់ថ្ងៃ សត្វព្រៃ ដ៏មានតម្លៃរបស់កម្ពុជា ត្រូវបានសម្លាប់ដោយសារតែព្រានព្រៃប្រើអន្ទាក់គ្រប់ប្រភេទ និងកាំភ្លើងកែច្នៃសម្លាប់ ដើម្បីយកទៅធ្វើជាម្ហូបសម្រាប់គ្រួសារ និងសម្រាប់លក់នៅលើទីផ្សារដល់អ្នកដែលចូលចិត្តហូបសាច់សត្វព្រៃ។

ក្រសួង បន្ដថា សត្វព្រៃមួយក្បាលៗ ដែលបានសម្លាប់ បើគិតជាសាច់ មិនច្រើនគីឡូឡើយ ហើយបើគិតជាប្រាក់ដែលលក់បាន ក៏មិនច្រើនដែរ និងបើគិតពីរសជាតិ មិនឆ្ងាញ់ឡើយ ហើយក៏មិនមែនពិសាទៅធ្វើឲ្យមានសុខភាពល្អ ជីវិតអមតៈ ដូចពាក្យចចាមអារាមនោះឡើយ។ ប៉ុន្តែបើគិតពីតម្លៃជីវៈចម្រុះប្រព័ន្ធអេកូឡូស៊ី សត្វព្រៃមួយក្បាលៗ ពិតជាមានតម្លៃដ៏មហាធំធេង មិនអាចគណនាជាប្រាក់បានឡើយ ហើយសត្វព្រៃទាំងនេះ ក៏ជាប្រភពថវិកាមិនចេះរីងស្ងួតពីចំណូលលើវិស័យទេសចរណ៍ ផងដែរ។

ក្រសួងបរិស្ថាន បានបញ្ជាក់ថា «សាច់សត្វព្រៃដែលបងប្អូនខ្លះហូប បានត្រឹមឆ្អែតមួយបប្រិចភ្នែកប៉ុណ្ណោះ តែវាពិតជាខាតបង់ច្រើនសម្រាប់ជីវៈចម្រុះភពផែនដីរបស់យើង។ ប្រសិនបើសត្វមួយក្បាលដែលអ្នកសម្លាប់ នៅរស់ វានឹងធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីយើងកាន់តែល្អប្រសើរ កម្ពុជាសម្បូណ៌ជីវៈចម្រុះ និងអាចទាញចំណូលបានច្រើនជាងតម្លៃសាច់សត្វដែលអ្នកបានលក់វានៅលើទីផ្សារ»។

ក្រសួង បន្ថែមថា សត្វព្រៃជាសម្បត្តិធម្មជាតិរបស់កម្ពុជាទាំងអស់គ្នា ការចូលរួមថែរក្សា ការពារនិងអភិរក្សឲ្យបានគង់វង្ស ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ ដូច្នេះ សូមនិយាយថាទេចំពោះសាច់សត្វព្រៃ និងរាយការណ៍បន្ទាន់មកក្រុមការងារតាមរយៈលេខទូរស័ព្ទ ០១២ ៥០០ ០៩៤៕

To Top