ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ បញ្ជាក់ដាច់ខាត មិនអនុញ្ញាតឲ្យលេងជះទឹក នាថ្ងៃបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អភិបាលខណ្ឌទាំង១៤ យកចិត្តទុកដាក់បន្តហាមឃាត់ ​​ប្រជាពលរដ្ឋ លេងល្បែងជះទឹក ឬបាញ់ទឹកដាក់គ្នា នៅតាមផ្លូវសាធារណៈ តំបន់រមណីយដ្ឋាន កន្លែងកំសាន្តសប្បាយ ទីវត្តអារាម និងកន្លែងរៀបចំសង្ក្រាន្តវត្តភ្នំឡើយ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ។

ការហាមឃាត់នេះ ដើម្បីបង្ការការពារ ការរីករាលដាល នៃជំងឺកូវីដ១៩ ខណៈដែលជំងឺនេះ មិនទាន់មានស្ថានភាព ថមថយនៅឡើយទេ។ នេះជាប្រសាសន៍ណែនាំ របស់លោក ឃួង ស្រេង ក្នុងពេលដឹកនាំ កិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែមេសា ។

លោកអភិបាលរាជធានី បានបញ្ជាក់ទៀតថា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ បានអាក់ខានប្រារព្ធ ឱ្យបានធំដុំអស់រយៈពេល ២ឆ្នាំកន្លងមកហើយ ដោយសារជំងឺជាសាកលកូវីដ១៩។ ប៉ុន្តែសម្រាប់ឆ្នាំនេះ ក្រោមការប្តេជ្ញាចិត្តយ៉ាងមោះមុត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសបើកឱ្យមាន ការរៀបចំពិធី បុណ្យចូលឆ្នាំថ្មី និងការរៀបចំកម្មវិធីសប្បាយៗ នៅតាមទីវត្តអាររាម និងកន្លែងសាធារណៈ ឱ្យបានល្អប្រសើរ បង្កលក្ខណៈសប្បាយរីករាយ ជូនប្រជាពលរដ្ឋ។

ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ ក្នុងការទទួលរៀបចំ កម្មវិធីសង្ក្រាន្តឆ្នាំថ្មី នៅតំបន់ប្រវត្តិសាស្រ្តវត្តភ្នំ ហើយនៅតាមវត្តទាំង១៥០ ទូទាំងរាជធានីភ្នំពេញ ក៏ត្រូវរៀបចំកម្មវិធីទទួលទេវត្តាឆ្នាំថ្មី និងការរៀបចំកម្មវិធីកម្សាន្តសប្បាយ មានរាំច្រៀង លេងល្បែងប្រជាប្រិយខ្មែរ ដើម្បីទទួលអំណរទេវតាឆ្នាំថ្មី។

លោក ឃួង ស្រេង បានជំរុញឱ្យ រដ្ឋបាលខណ្ឌ និងកងកម្លាំងចម្រុះ ត្រូវតែពង្រឹងវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយ ដើម្បីធ្វើយ៉ាងណា បង្កើនភាពកក់ក្តៅ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ និងគ្មានឧបសគ្គណាមួយ មករំខានឡើយ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ នឹងត្រូវប្រា រព្វឡើង ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២៕

To Top