ព័ត៌មានជាតិ

កម្ពុជា-នូវែលសេឡង់ ប្ដេជ្ញាជំរុញវិស័យពាណិជ្ជកម្ម និងស្តារឡើងវិញ​លើគ្រប់វិស័យ ក្រោយវិបត្តិកូវីដ-១៩

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងលោក Phil Twyford អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម និងនាំចេញ នៃប្រទេសនូវែលសេឡង់ បានប្ដេជ្ញាបន្តជំរុញ វិស័យពាណិជ្ជកម្មទ្វេភាគី និងខិតខំប្រឹងប្រែង ស្តារឡើងវិញ លើគ្រប់វិស័យ ក្រោយវិបត្តិ នៃជំងឺកូវីដ-១៩។

ក្នុងជំនួបពិភាក្សាការងាររវាង លោក ប៉ាន សូរស័ក្ដិ និងលោក Phil Twyford នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ តាមប្រព័ន្ធវិដេអូ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ក្រោមក្របខ័ណ្ឌតំបន់ ដោយក្នុងនោះ លោករដ្ឋមន្រ្ដី ក្នុងនាមជាប្រធាន នៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានជម្រាបជូនអំពីវឌ្ឍនភាព នៃការចរចាលើការធ្វើឱ្យប្រសើរឡើង នៃកិច្ចព្រមព្រៀង​ តំបន់ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA Upgrade) ដែលជាសមិទ្ធផល អាទិភាពសេដ្ឋកិច្ច (Priority Economic Deliverable) មួយក្នុងចំណោមសមិទ្ធផល អាទិភាពសេដ្ឋកិច្ចដទៃទៀតរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២ ដែលស្ថិតក្រោមគោលដៅយុទ្ធសាស្ត្រគន្លឹះទី៤ ស្តីពីសាកលភាវូបនីយកម្មអាស៊ានដើម្បីភាពរីកចម្រើន និងអភិវឌ្ឍន៍។

បន្ថែមពីនេះ លោករដ្ឋមន្រ្ដី ក៏បានលើកឡើងពីការជំរុញ និងពន្លឿនការចរចាលើបញ្ហា ដែលនៅសេសសល់ ដើម្បីបញ្ចប់ការចរចា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង នៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី AANZFTA ឱ្យស្របតាមពេលវេលាកំណត់ ក្នុងឆ្នាំ២០២២។

ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី ក៏បានជម្រាបផងដែរ អំពីវឌ្ឍនភាពនៃដំណើរការ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង គ្រប់ជ្រុងជ្រោយតំបន់ (RCEP) របស់រដ្ឋសមាជិកអាស៊ាន ដែលកំពុងបំពេញនីតិវិធីក្នុងស្រុក ដើម្បីឱ្យកិច្ចព្រមព្រៀងនេះ អាចចូលជាធរមានបានពេញលេញ ដែលការចូលជាធរមាននេះ គឺជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២នេះផងដែរ។

ជាការឆ្លើយតប លោកអនុរដ្ឋមន្ត្រី បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអាទិភាព សេដ្ឋកិច្ចកម្ពុជា ដែលបានស្នើឡើង និងបានឆ្លុះបញ្ចាំង អំពីការឆ្លើយតបទៅនឹង ការវិវត្តសកល ហើយចាត់ទុកការបញ្ចប់ការចរចា ធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀង តំបន់ពាណិជ្ជកម្មសេរី AANZFTA ជាកិច្ចការអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងភាគីហត្ថលេខី ក្នុងឆ្នាំ២០២២។

ទន្ទឹមនឹងនេះ លោកអនុរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការបន្តគាំទ្រ របស់នូវែលសេឡង់ ចំពោះកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្លាស់វេនឆ្នាំ២០២២ និងប្តេជ្ញាបន្តកិច្ចសហការ យ៉ាងជិតស្និទ្ធជាមួយកម្ពុជា សំដៅអាចសម្រេចបាន នូវសមិទ្ធផលអាទិភាពកម្ពុជា ប្រកបដោយជោគជ័យ ដើម្បីកសាងសហគមន៍អាស៊ាន និងការអភិវឌ្ឍសេដ្ឋកិច្ច តំបន់ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់រឹងមាំ។

នាឱកាសនោះ លោក ប៉ាន សូរស័ក្ដិ និងលោក Phil Twyford បានប្តេជ្ញាចិត្តបន្តជំរុញ វិស័យពាណិជ្ជកម្មទ្វេភាគី និងជំរុញកំណើនវិនិយោគ ឱ្យកាន់តែច្រើនបន្ថែមទៀត ក្នុងន័យដើម្បីខិតខំប្រឹងប្រែងស្តារឡើងវិញ លើគ្រប់វិស័យក្រោយវិបត្តិ នៃជំងឺកូវីដ-១៩៕

To Top