នយោបាយ

អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ស្រុកឱរ៉ាល ជំរុញឱ្យបេក្ខជនឈរឈ្មោះបោះឆ្នោត បម្រើសេវាសាធារណៈ ដល់ពលរដុ្ឋ ឲ្យបានដូចជាភ្លៀងរលឹម

ភ្នំពេញ៖ អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក យឿន យឿត បានស្នើដល់បេក្ខជនឈរឈ្មោះបោះឆ្នោតទាំងអស់ ដែលស្ថិតនៅឃុំតាសាល ត្រូវខិតខំបម្រើផលប្រយោជន៍ ប្រជាជនឲ្យបានសកម្មបន្ថែមទៀត ពោលគឺមានសកម្មភាពឲ្យដូចជាភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាកុំឲ្យពលរដ្ឋមានការថ្នាំងថ្នាក់ ដោយសារតែភាពអសកម្ម និងភាពយឺតយ៉ាវរបស់មន្រ្តី។

ការលើកឡើងរប​ស់​លោក​ យឿន​ យឿត​ បានធ្វើឡើងក្នុងឱកាសដែលលោកជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ទាំងពេញសិទ្ធ និងបម្រុង, សមាជិក-សមាជិកាគណបក្ស និងប្រជាពលរដ្ឋជាង ៣០០នាក់ នៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២។

លោក យឿន យឿត បានថ្លែងថា ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ យើងទាំងអស់គ្នាត្រូវតែខិតខំធ្វើយ៉ាងណាបំរើផលប្រយោជន៍បងប្អូនប្រជាជនឲ្យបាន ល្អប្រសើបន្ថែមទៀត ឲ្យសមស្របទៅតាមការទុកចិត្តរបស់ពួកគាត់ដែលបានបោះឆ្នោតជូនពួកយើងឲ្យធ្វើជាមេឃុំនោះ។

សូមបញ្ជាក់ថា ក្នុងនាមជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកឱរ៉ាល និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល លោកយឿន យឿត នឹងដឹកនាំបេក្ខជន និងសមាជិក- សមាជិកាគណបក្សប្រជាជនកម្ពុជានៅឃុំតាសាលទាំងអស់ ចុះជួបប្រជាពលរដ្ឋឲ្យដល់តាមខ្នងផ្ទះ ដើម្បីស្វែងយល់អំពីទុក្ខលំបាក និងការរស់នៅរបស់ប្រជាពលរដ្ឋដែល កំពុងរស់នៅក្នុងឃុំនេះទាំង មូល៕

To Top