នយោបាយ

លោក ហ៊ុន ម៉ានី៖ ភាពជោគជ័យ គណបក្សប្រជាជន សម្រេចបាន អាស្រ័យលើការអនុវត្តកម្លាំងរួម មធ្យោបាយរួម (Video)

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីភាពជោគជ័យ ដែលគណបក្សប្រជាជនសម្រេចបាន គឺអាស្រ័យលើការអនុវត្តកម្លាំងរួម មធ្យោបាយរួម និងមានភាពស្មោះត្រង់។

ក្នុងពិធីសំណេះសំណាល ជាមួយរចនាសម្ព័ន្ធគណៈចលនា មហាជនខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌឬស្សីកែវ និងខណ្ឌព្រែកព្នៅ នៅថ្ងៃ៦ មេសា លោក ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ពីភាពជោគជ័យ ដែលទទួលបានក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល ដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជន ដោយផ្សារភ្ជាប់នឹងការចូលរួម ដែលមិនអាចកាត់ថ្លៃបាន ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋគ្រប់ៗរូប។

លោកលើកឡើងថា «ភាពជោគជ័យ គឺអាស្រ័យលើការអនុវត្តកម្លាំងរួម មធ្យោបាយរួម» ។

ពាក់ព័ន្ធនឹងប្រយោគខាងលើ លោក ហ៊ុន ម៉ានី បានលើកឡើងពីភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានភាព ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសលើការការពារ អាយុជីវីតរបស់ប្រជាជន តាមរយៈការសម្រេចចិត្តដ៏ត្រឹមត្រូវ និងទាន់ពេលរបស់ថ្នាក់ដឹកនាំ ក្នុងការស្វះស្វែងរក និងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋឥតគិតថ្លៃ ទាំងដូសមូលដ្ឋាន និងដូសជំរុញ។

ភាពជោគជ័យមួយទៀតដែល លោកបានរំលេចនោះ គឺការទទួលបានការផ្តល់សេចក្តីទុកចិត្ត និងការបោះឆ្នោតគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ ដែលអនុញ្ញាតឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសនាអាណត្តិទី៤ និងដំណើរឆ្ពោះទៅការធានាភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ ៕

To Top