ព័ត៌មានជាតិ

សម្ដេច ស ខេង បញ្ជាសមត្ថកិច្ចបង្ក្រាប ជនល្មើសជួញដូរមនុស្ស ដោយគ្មានការលើកលែង និង មិនយោគយល់ (Video)

ភ្នំពេញ ៖ ក្នុងនាមជាប្រធាន គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឲ្យសមត្ថកិច្ចគ្រប់ប្រភេទ ធ្វើការបង្ក្រាបជនល្មើស រកស៊ីជួញដូរមនុស្ស ដោយគ្មានការលើកលែង និងមិនយោគយល់។

ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ គ.ជ.ប.ជ សម្ដេច ស ខេង បានថ្លែងថា ការឃាត់ខ្លួនជនសង្ស័យរកស៊ីជួញដូរមនុស្ស គឺត្រូវខិតខំបន្ដឲ្យបានកាន់តែច្រើន ទៅតាមបរិមាណបទល្មើសដែលមាន ។ ទន្ទឹមនឹងនោះ ក៏ត្រូវពន្លឿនការកាត់សេចក្ដី នៅតាមស្ថាប័នតុលាការ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ប្រកបដោយភាពត្រឹមត្រូវ។

សម្ដេច មានប្រសាសន៍ថា «កិច្ចការងារបង្ក្រាប ជនល្មើសនេះ និងការកាត់សេចក្ដីផ្តន្ទាទោស ខ្ញុំក៏សូមលើកទឹកចិត្តបន្ថែមទៀត ដល់សមត្ថកិច្ចពាក់ព័ន្ធរបស់យើង ធ្វើយ៉ាងម៉េចធ្វើឲ្យបានត្រឹមត្រូវ បានន័យថា ប្រកបដោយតម្លាភាព និងយុត្តិធម៌ ដោយមិនលើកលែង មិនយោគយល់ មិនអនុគ្រោះ ចំពោះអ្នកប្រព្រឹត្តបទល្មើស ដ៏ហាវព្រៃផ្សៃនេះ»។

នាឱកាសនោះ សម្ដេច ស ខេង ក៏បានលើកទឹកចិត្តគ្រប់ក្រសួងស្ថាប័ន ក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូក្នុងស្រុក និងអន្តរជាតិ បន្តសហការគ្នា ដើម្បីរិះរកវិធានការគន្លឹះនានា និងរួមសហការគ្នាជាធ្លុងមួយ ធ្វើសកម្មភាពឲ្យកាន់តែខ្លាំងក្លាក្នុងការ «បង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស» និងរួមចំណែករក្សាស្ថិរភាព សន្តិសុខនិងសុវត្ថិភាពសង្គម និងកាត់បន្ថយឈានទៅលុបបំបាត់ភាពរងគ្រោះ បង្កដោយអំពើជួញដូរមនុស្សគ្រប់ទម្រង់ លើមនុស្សគ្រប់ភេទ គ្រប់វ័យ ជាពិសេសស្រ្តី កុមារ និងយុវវ័យ ។

សូមបញ្ជាក់ថា ឆ្នាំ២០២១ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរមនុស្សចំនួន ២៣៥ករណី ក្នុងនោះ បានបញ្ជូនទៅតុលាការចំនួន ៤០០នាក់ សរុបជនរងគ្រោះដែលសង្គ្រោះបានចំនួន១,៣៩០នាក់។ ដោយឡែក ករណីអំពើធ្វើអាជីវកម្មផ្លូវភេទ បង្ក្រាបបានចំនួន១២៤ករណី (៨៦ករណី ជាករណីរួមភេទជាមួយអនីតិជន) ក្នុងនោះបានបញ្ជូនទៅតុលាការ ចំនួន១៣៨នាក់ សរុបជនរងគ្រោះដែលសង្គ្រោះបាន ចំនួន១៨៧នាក់៕

To Top